(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ នៅថ្ងៃពុធ ទី១៤ ខែសីហានេះបានសម្រេចចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមាន​បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថាការតែងតាំងលោក Pichit Chuenban ដែល​ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង​ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។

គួរបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៉ីណាវ៉ាត់ ហើយបានក្លាយ​ជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា បន្ទាប់ពីការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣៕