(ដាក្កា)៖ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានអំពាវនាវដល់ក្រុមអ្នកគាំទ្រ ឱ្យប្រមូលផ្តុំគ្នាជាសាធារណៈ នៅចុងសប្តាហ៍នេះ ប៉ុន្មានម៉ោងក្រោយតុលាការបង់ក្លាដែស ប្រកាសបើកការស៉ើបអង្កេតឃាតកម្ម ប្រឆាំងលោកស្រី ជុំវិញការជាប់ពាក់ព័ន្ធនឹងភាពចលាចលក្នុងប្រទេស កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០២៤។
ក្នុងលិខិតមួយបញ្ជូនទៅឱ្យក្រុមអ្នកសារព័ត៌មាន តាមរយៈកូនប្រុស លោកស្រី Hasina បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូន ចូលរួមប្រារព្ធទិវាជាតិកាន់ទុក្ខ ថ្ងៃទី១៥ ខែសីហា ដោយក្តីគោរព និងយ៉ាងឱឡារិក»។ លោកស្រី Hasina អំពាវនាវដល់ក្រុមអ្នកគាំទ្រ ធ្វើអធិស្ឋាន និងដាក់កម្រងផ្កា នៅផ្ទះរបស់លោកស្រី ដែលស្ថិតក្នុងរដ្ឋធានី Dhaka។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីតុលាការក្រុង Dhaka បើកការស៉ើបអង្កេតករណីឃាតកម្ម ប្រឆាំងនឹងលោកស្រី រួមទាំងឥស្សរជនកំពូលៗ ២រូបនៃគណបក្ស Awami League និងមន្ត្រីប៉ូលិសជាន់ខ្ពស់ ៤នាក់។
១៥ ខែសីហា ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ស្អែកនេះ គឺជាខួបនៃការធ្វើឃាតបិតាឯករាជ្យជាតិរបស់បង់ក្លាដែស លោក Sheikh Mujibur Rahman នាឆ្នាំ ១៩៧៥ ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី Hasina ហើយអតីតរដ្ឋាភិបាលរបស់លោកស្រី បានកំណត់ថាជាថ្ងៃឈប់សម្រាកបុណ្យជាតិ។ យ៉ាងនេះក្តី កាលពីយប់មិញ រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលុបចោលនូវការប្រារព្ធ និងឈប់សម្រាកសម្រាប់ថ្ងៃនោះ។
គួរបញ្ជាក់ថា លោកស្រី Hasina អាយុ ៧៦ឆ្នាំបានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែស កាលពីសប្តាហ៍មុនទៅកាន់ ប្រទេសឥណ្ឌា ខណៈដែលក្រុមអ្នកតវ៉ាបន្តទាមទារឱ្យបញ្ចប់ របៀបរបគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី៕