(ណៃពិដោ)៖ នៅថ្ងៃពុធនេះ យោធានៃប្រទេសមីយ៉ាន់ម៉ា បានចេញមុខនិយាយថា ការលេចឡើងនូវពាក្យចចាមអារ៉ាមដែលថា ក្រុមឧត្តមសេនីយជាន់ខ្ពស់ បាននាំគ្នាធ្វើរដ្ឋប្រហារថ្មីមួយទៀត ដោយឃាត់ខ្លួនប្រមុខរបបសឹក លោក Min Aung Hlaing គឺជាសកម្មភាពឃោសនា ដើម្បីបង្កឱ្យការភាន់ច្រឡំ ដោយក្រុមជនក្បត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ មានការបង្ហោះនិងចែកចាយតៗគ្នា នូវការអះអាងថា ក្រុមមន្រ្តីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា បានចាប់ខ្លួន លោក Min Aung Hlaing នៅក្នុងរដ្ឋធានីណៃពិដោ ដើម្បីផ្លាស់ប្តូរប្រមុខដឹកនាំរដ្ឋាភិបាល ដែលប៉ុន្មានខែមកនេះ បានស្ថិតក្រោមការរិះគន់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ស្របពេលកងកម្លាំងយោធាមីយ៉ាន់ម៉ា បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ក្រោមការវាយលុករបស់ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលប្រឆាំងរដ្ឋប្រហារឆ្នាំ២០២១។
របបសឹកមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលពាក្យចចាមអារ៉ាមខាងលើ ដោយអះអាងថា វាជាការឃោសនា ដែលមានគោលដៅរាំងស្ទះសុខសន្តិភាព និងស្ថិរភាពប្រទេស ហើយបានចោទប្រកាន់ អ្នកទាំងឡាយដែលចែកចាយពាក្យចចាមអារ៉ាមទាំងនោះ ជាក្រុមជនក្បត់។ របបសឹកមីយ៉ាន់ម៉ាបានបន្ថែមថា ប្រមុខរដ្ឋាភិបាលយោធា និងអាជ្ញាធរ កំពុងរួមគ្នាបន្ត បំពេញកាតព្វកិច្ចជាតិរបស់ពួកគេ។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក៏នឹងត្រូវធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ា ផងដែរ ដើម្បីជួបពិភាក្សាជាមួយ លោក Min Aung Hlaing៕