(កៀវ)៖ លោក Mykhailo Podolyak ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីគួរតែត្រូវបានបង្ខំឱ្យចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព ព្រោះរុស្ស៉ី​នឹងមិន​ព្រមចូលរួម​ដោយ​ឆន្ទៈ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។

លោក Podolyak បានប្រាប់ទូរទស្សន៍ជាតិថា វិធីសាស្រ្តបង្ខិតបង្ខំមួយ នោះគឺជាសកម្មភាពនៅសមរភូមិ ដោយសំដៅលើការវាយលុកឆ្លងព្រំដែន មិនធ្លាប់មានរបស់អ៊ុយក្រែន ចូលទៅ ក្នុងតំបន់ Kursk របស់រុស្ស៉ី។ លោក Podolyak គូសបញ្ជាក់បន្ថែមថា «ការអញ្ជើញតាមធម្មតាទៅកាន់ប្រទេសរុស្ស៉ីមិនដំណើរការទេ ដូចនេះមានតែបង្ខំ រួមទាំងការដាក់សម្ពាធសេដ្ឋកិច្ច និងផ្នែកការទូតផងដែរ»

គួរបញ្ជាក់ថា តាមលោក Podolyak ​ប្រតិបត្តិការយោធា​នៅ​តំបន់​ព្រំដែន​រុស្ស៉ី គឺអ៊ុយក្រែន​កំពុង​ដោះស្រាយ​បញ្ហា​ចម្បង​នៃ​សន្តិសុខ​របស់​ខ្លួន។ មួយសប្តាហ៍បន្ទាប់ពីវាយលុកឆ្លងព្រំដែន អ៊ុយក្រែនអះអាងថាបាននិងកំពុងកាន់កាប់ ៧៤ទីតាំងក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយបន្តការរុលទៅមុខទៀត៕