(NEW ORLEANS អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាការវាយលុករបស់អ៊ុយក្រែនចូលទឹកដីរុស្ស៉ី បានបង្កើតជាស្ថានការណ៍ដ៏លំបាកមួយសម្រាប់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈក្រុមមន្ត្រីអាមេរិកកំពុងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ៊ុយក្រែនជុំវិញការវាយលុកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពអ៊ុយក្រែនប្រហែលជា ១០០០នាក់ អមជាមួយរថក្រោះ និងរថពាសដែកបានវាយសម្រុកឆ្លងដែនចូលក្នុងតំបន់ Kursk កាលពីថ្ងៃទី៦ ខែសីហា។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា គោលបំណងវាយលុកចូលតំបន់ Kursk របស់ទីក្រុងកៀវ ទំនងជាចង់បង្ខំឱ្យរុស្ស៉ីដកកងទ័ពចេញអ៊ុយក្រែន ដើម្បីទៅការពារទឹកដីរុស្ស៉ីប្រឆាំងនឹងការវាយលុកឆ្លងដែន។ ជុំវិញការវាយចូល ទឹកដីរុស្ស៉ីរបស់អ៊ុយក្រែនផងដែរ នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង New Orleans កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា លោក បៃដិន និយាយថាលោកទទួលបាន ព័ត៌មានជារៀងរាល់ ៤ទៅ៥ម៉ោងម្ដង ក្នុងរយៈពេល៦ ទៅ៨ថ្ងៃចុងក្រោយនេះស្ដីពីការវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី។
លោក បៃដិន បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វាបានបង្កើតស្ថានការណ៍ដ៏លំបាកសម្រាប់ពូទីន។
គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់ រុស្ស៉ី៕