(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទទួលស្គាល់ជាផ្លូវការនៅថ្ងៃពុធ ទី១៤ ខែសីហានេះថាលោកនឹងមិនចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានបក្ស កាន់អំណាចសព្វថ្ងៃរបស់លោក នៅខែកញ្ញាខាងមុខនេះនោះទេ ដែលនេះមានន័យថាលោកក៏ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Kishida បានគូសបញ្ជាក់ដូច្នេះថា «ជាជំហានមួយដ៏ពិតប្រាកដដើម្បីបង្ហាញថាគណបក្ស LDP នឹងមានផ្លាស់ប្ដូរ នោះគឺខ្ញុំត្រូវដកខ្លួនចេញ (ពីការប្រកួត)។ ខ្ញុំនឹងមិនឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្ស នោះឡើយ»

គួរបញ្ជាក់ថា ការទទួលស្គាល់របស់លោក Kishida ធ្វើឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន នៅថ្ងៃពុធ ទី១៤ ខែសីហានេះដែរបានរាយការណ៍ថារូបលោកមានបំណង ដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សកាន់អំណាចរបស់លោកសព្វថ្ងៃ។

គណបក្សប្រជាធិបតេយ្យសេរីនិយម ឬហៅកាត់ថា LDP ជាបក្សកាន់អំណាចសព្វថ្ងៃ និងដែលបានដឹកនាំប្រទេសជប៉ុនស្ទើរតែគ្រប់អាណត្តិចាប់តាំងពីឆ្នាំ១៩៤៥មក គ្រោងនឹងរៀបចំ ការប្រកួតប្រជែងផ្ទៃក្នុងដើម្បីជ្រើសរើសប្រធានបក្សថ្មី នៅខែក្រោយនេះ។ លោក Kishida មានអាយុ៦៧ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្ស LDP ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ហើយអាណត្តិមានរយៈពេល ៣ឆ្នាំរបស់លោកនឹងត្រូវអស់សុពលភាពនៅខែកញ្ញាខាងមុខ។

ការដកខ្លួនរបស់លោក Kishida ពីការប្រកួត មានន័យថាមេដឹកនាំថ្មីដែលឈ្នះការបោះឆ្នោតរបស់គណបក្ស LDP នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ជំនួសលោក Kishida ពីព្រោះតែគណបក្ស LDP កំពុងគ្រប់គ្រងសភាទាំង២របស់ជប៉ុន៕