(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់ បានគំរាមសងសឹកអ៉ីស្រាអែល កាលពីចុងខែកក្កដាកន្លងទៅ បន្ទាប់ពីមេដឹកនាំកំពូលម្នាក់របស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារ នៅឯទីក្រុងតេហេរ៉ង់ នាំឱ្យមនុស្សជាច្រើនជឿថាអ៉ីរ៉ង់នឹងធ្វើការសងសឹកវិញភ្លាមៗ។ ប៉ុន្តែ ជាង ២សប្ដាហ៍កន្លងផុតទៅហើយ នៅមិនទាន់មានការសងសឹកទ្រង់ទ្រាយធំ ណាមួយបានកើតឡើងនៅឡើយទេ។ វិបត្តិសព្វថ្ងៃ បានកើតឡើងចំពេលវេលាដ៏សំខាន់ដែលរដ្ឋាភិបាលថ្មីរបស់អ៉ីរ៉ង់ទើបតែស្បថចូលកាន់តំណែង ហើយនេះជាហេតុផលមួយអាចធ្វើឱ្យ យឺតយ៉ាវក្នុងការចាត់វិធានការសងសឹក។ បើតាមក្រុមអ្នកវិភាគ មេដឹកនាំអ៉ីរ៉ង់កំពុងរិះរកមធ្យោបាយដើម្បីសងសឹកផង និងបញ្ចៀសកុំឱ្យសង្រ្គាមទ្រង់ទ្រាយធំជាមួយអ៉ីស្រាអែល ផ្ទុះឡើងផង។ ដូច្នេះខាងក្រោមនេះគឺជាកត្តាដែលអាចនឹងកំណត់ថានឹងមានអ្វីកើតឡើងបន្ទាប់?
* ហេតុអ្វីអ៉ីរ៉ង់នៅមិនទាន់សងសឹកអ៉ីស្រាអែល?
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaan បាននិយាយថាអ៉ីរ៉ង់ចាំបាច់ត្រូវតែសងសឹកអ៉ីស្រាអែល។ ប៉ុន្តែ លោកក៏បានបញ្ជាក់ដែរថាទីក្រុងតេហេរ៉ង់ មិនមានបំណង បង្កើនជម្លោះនៅក្នុងតំបន់នោះទេ។ «លើសពីនេះទៅទៀត គណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេស នៅតែមិនទាន់ត្រូវបានអនុម័តជាផ្លូវការ នៅឡើយទេ ដែលនេះអាចនឹងនាំឱ្យយឺតយ៉ាវដល់កិច្ចពិភាក្សផ្ទៃក្នុង»។ នេះជាការលើកឡើងរបស់លោកស្រី Sanam Vakil ជាអ្នកវិភាគម្នាក់ខាងកិច្ចការតំបន់មជ្ឈិមបូព៌ា មកពី វិទ្យាស្ថានស្រាវជ្រាវ Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ លោកស្រីបន្ថែមទៀតថា ព្រមពេលជាមួយគ្នា ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian ដែលជាអ្នកកំណែទម្រង់និយមម្នាក់ ប្រហែលជាកំពុងថ្លឹងថ្លែងពីតម្រូវការចាំបាច់ ដើម្បីបង្ហាញឫទ្ធអំណាចរបស់អ៉ីរ៉ង់ឱ្យស៊ីគ្នាទៅនឹងផលប្រយោជន៍ដ៏ទូលំទូលាយនៃរដ្ឋាភិបាលរបស់ លោក នៅក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងបង្ការកុំឱ្យអ៉ីរ៉ង់កាន់តែឯកោនៅលើឆាកអន្តរជាតិ។
តាមលោកស្រី Vakil «ការសងសឹករបស់អ៉ីរ៉ង់ នឹងត្រូវធ្វើឡើងប្រកបដោយការប្រុងប្រយ័ត្ន ពោលគឺមិនធ្វើឱ្យក្ដីសង្ឃឹម នៃកិច្ចចរចាជាមួយលោកខាងលិចដែលអាចនឹងនាំទៅរក ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មត្រូវរលាយទៅជាមួយការសងសឹក នោះទេ»។ ចំណែក នាយកកម្មវិធីអ៉ីរ៉ង់មកពីអង្គការ Crisis Group លោក Ali Vaez វិញ យល់ថាការឆ្លើយតបដោយ យោធាណាមួយរបស់អ៉ីរ៉ង់ ដែលធ្វើឡើងក្នុងទម្រង់ត្រឹមជានិមិត្តរូប ឬធ្វើឱ្យតែល្អមើល ក៏អាចបង្កហានិភ័យផងដែរ ដ្បិតវានឹងមិនអាចកំញើញកុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ នៅពេលអនាគតបានឡើយ។ ប៉ុន្តែ បើអ៉ីរ៉ង់ចាត់វិធានការសងសឹកទ្រង់ទ្រាយធំពេក នោះអ៉ីស្រាអែលក៏អាចនឹងសងសឹកវិញទ្រង់ទ្រាយធំដែរ ដែលវដ្ដនៃការសងសឹកដាក់គ្នារបៀបនេះ ប្រសិនបើកើតឡើងមែន នោះអ៉ីរ៉ង់មិនមានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ទេ។ នៅត្រង់ចំណុចនេះ លោក Ali Vaez យល់ថាអ៉ីស្រាអែលដែលមានអាមេរិកជាសម្ព័ន្ធមិត្តផងនោះ មានប្រៀបលើអ៉ីរ៉ង់នៅក្នុងស្ថានភាពបែបនេះ ពីព្រោះអ៉ីរ៉ង់គ្មានជម្រើសសងសឹកណាដែលល្អទេ»។ តែទាំងលោកស្រី Vakil និងលោក Vaez សុទ្ធតែយល់ឃើញដូចគ្នាថាវាជារឿង ដ៏ពិបាកដើម្បីដឹង ឬកំណត់ពីចេតនារបស់អ៉ីរ៉ង់។
* តើអ៉ីរ៉ង់មានជម្រើសអ្វីខ្លះ ដើម្បីសងសឹកអ៉ីស្រាអែល?
អ៉ីរ៉ង់ អាចបើកការវាយប្រហារលើអ៉ីស្រាអែល ចេញពីមុំជាច្រើន និងក្រោមទម្រង់ផ្សេងៗគ្នា។ អ៉ីរ៉ង់មានបណ្ដាញចលនាប្រដាប់អាវុធក្នុងតំបន់ដូចជា ហាម៉ាស ហេសបូឡា និងក្រុមហ៊ូទី នៅយេម៉ែន ដែលនេះអាចឱ្យអ៉ីរ៉ង់វាយប្រហារលើគោលដៅ រាប់ចាប់ពីភាគខាងជើងអ៉ីស្រាអែល រហូតដល់សមុទ្រក្រហម។ កាលពីខែមេសា អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនជាង៣០០ ជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើស្ថានកុងស៊ុលអ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី។ មីស៊ីល និងដ្រូនទាំងនេះស្ទើរតែទាំងអស់ត្រូវបាន បាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ក្រោមការជួយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត។ នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែល ក្រោយធ្វើសង្រ្គាមស្រមោលជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះទាំងតាមផ្លូវគោក អាកាស សមុទ្រ និងការវាយប្រហារព័ត៌មានវិទ្យាជាដើម។ ការវាយប្រហារ កាលពីខែមេសា បានបង្កការខូចខាតតិចតួចប៉ុណ្ណោះដល់មូលដ្ឋានទ័ពអាកាសមួយរបស់អ៉ីស្រាអែលក្នុងតំបន់វាលខ្សាច់ Negev និងធ្វើឱ្យក្មេងស្រីអាយុ៧ឆ្នាំម្នាក់រងរបួសធ្ងន់។ ឥលូវ អ៉ីស្រាអែល កំពុងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារមួយ ដែលអាចធំជាងការវាយប្រហារកាលពីខែមេសា។
* តើអ៉ីស្រាអែល ត្រៀមលក្ខណៈដូចម្ដេចខ្លះ?
អាជ្ញាធរអ៉ីស្រាអែល បានប្រាប់ឱ្យប្រជាជនស្ដុកទុកចំណីអាហារ និងទឹក នៅកន្លែងមានសុវត្ថិភាព។ រីឯ មន្ទីរពេទ្យបានដាក់ចេញផែនការត្រៀមជម្លៀសអ្នកជំងឺមួយចំនួនទៅកាន់ បន្ទប់ក្រោមដី ខណៈក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ពង្រាយឱ្យទៅឈរជើងនៅតាមទីក្រុងជាច្រើន។ មន្ត្រីការទូត និងសន្តិសុខរបស់អាមេរិក រួមទាំងអ៉ីស្រាអែលបានរៀនសូត្រពី វិធីសាស្ត្រទប់ទល់មួយចំនួន ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលកាលពីខែមេសា ដែលនេះអាចនឹងជួយសម្រួលដល់ការត្រៀមលក្ខណៈ។ ម្យ៉ាង អ៉ីរ៉ង់ខ្លួនឯឯក៏បានទុកពេល ២សប្ដាហ៍រួចទៅហើយដែរឱ្យអ៉ីស្រាអែលមានពេលវេលា ដើម្បីត្រៀមលក្ខណៈទប់ទល់។ កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូបាននិយាយថា អ៉ីស្រាអែលបានត្រៀមលក្ខណៈទាំងសម្រាប់ការការពារ និងការវាយលុក។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញយោធា អ៉ីរ៉ង់ និងក្រុមហេសបូឡា មានសមត្ថភាពទម្លុះខែលការពារប្រឆាំងមីស៊ីល របស់អ៉ីស្រាអែល ប្រសិនបើពួកគេបាញ់ស្រោចមីស៊ីលព្រមៗគ្នា។ អ៉ីរ៉ង់ និងហេសបូឡា រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន ក៏អាចបាញ់ដ្រូនក្នុងចំនួនច្រើនផងដែរ ហើយដែលដ្រូន ទាំងនោះអាចហោះក្នុងរយៈកម្ពស់ទាប ធ្វើឱ្យប្រព័ន្ធការពារដែនអាកាសពិបាកចាប់សញ្ញា និងកម្ទេច។
គួរបញ្ជាក់ថា ជាបង្ហាញការប្ដេជ្ញាចិត្តការពារអ៉ីស្រាអែល និងកំញើញអ៉ីរ៉ង់ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែម រួមទាំងនាវាមុជទឹកប្រដាប់ដោយមីស៊ីល មួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ក្នុងពេលដំណាលគ្នា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាន និងកំពុងព្យាយាមស្ដារកិច្ចចរចាស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា ឡើងវិញ ដោយក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន និងក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីរដ្ឋអារ៉ាប់ គ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជំរុញឱ្យមាន កិច្ចព្រមព្រៀងមួយ។ អ៉ីស្រាអែលបានយល់ព្រមទទួលយកការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះហើយ តែក្រុមហាម៉ាសមិនបាននិយាយថាខ្លួននឹងចូលរួម ឬមិនចូលរួមនោះទេ៕