(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីការឈឺចាប់ចំពោះស្ថានភាពនៅប៉ាឡេស្ទីន និងការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន។ លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រុស្ស៊ី ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញ ទោះបីជាប្រទេសរុស្ស៊ីកំពុងជាប់ដៃក្នុងជម្លោះនៅអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
លោក ពូទីន បានជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃអង្គារនេះ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា។ លោកបានថ្កោលទោសការបាត់បង់ជីវិតជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើននៅក្នុងជម្លោះហ្គាហ្សា និងបានអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សា។
ទោះបីជារុស្ស៊ីមានទំនាក់ទំនងយូរអង្វែងជាមួយអ៊ីស្រាអែលក៏ដោយ ក៏ទីក្រុងម៉ូស្គូបានបង្ហាញការគាំទ្រកាន់តែច្បាស់ ចំពោះប៉ាឡេស្ទីនចាប់តាំងពីសង្រ្គាមហ្គាហ្សាបានផ្ទុះឡើង។ លោក ពូទីន បានរិះគន់សកម្មភាពរបស់អ៊ីស្រាអែល និងបានជួបជាមួយមេដឹកនាំក្រុមហាម៉ាស់។
លោក Abbas បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៊ី និងបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការបញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល។
ទោះបីជារុស្ស៊ីបានព្យាយាមដាក់ខ្លួនជាអ្នកសម្របសម្រួលសន្តិភាពក៏ដោយ លោក ពូទីន មិនបានបង្ហាញពីគំនិតផ្តួចផ្តើមថ្មីណាមួយដើម្បីដោះស្រាយជម្លោះនោះទេ។ លោកគ្រាន់តែបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រុស្ស៊ីចំពោះភាពជារដ្ឋប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការផ្តល់ជំនួយមនុស្សធម៌។
រុស្ស៊ីក៏បានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងបានជំរុញឱ្យអ៊ីរ៉ង់អនុវត្តការអត់ធ្មត់ និងជៀសវាងការស្លាប់របស់ជនស៊ីវិលអ៊ីស្រាអែលក្នុងការឆ្លើយតបរបស់ខ្លួនចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់កាលពីខែមុន៕