(ម៉ានីល)៖ ហ្វីលីពីនបានប្រកាសថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយចិន ដើម្បីជៀសវាងការប៉ះទង្គិចគ្នាក្នុងអំឡុងបេសកកម្មផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគដល់កងទ័ពនៅតំបន់ Second Thomas Shoal អាចនឹងត្រូវពិនិត្យឡើងវិញនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងថ្មីមួយ រវាងប្រទេសទាំងពីរនៅតំបន់ស្កាបូរ៉ូ សូល (Scarborough Shoal) បន្ទាប់ពីយន្តហោះចិនបានបាញ់គ្រាប់កាំជ្រួចបំភ្លឺនៅក្នុងផ្លូវហោះហើរ របស់យន្តហោះយោធាហ្វីលីពីន។
ទោះបីជាហ្វីលីពីនបានបញ្ចប់បេសកកម្មផ្គត់ផ្គង់ ដោយមិនមានការរារាំងកាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅក៏ដោយ ក៏ភាគីទាំងពីរនៅតែមានការមិនយល់ស្របគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ ចិនបានអះអាងថា ហ្វីលីពីនបានទទួលយកលក្ខខណ្ឌរបស់ខ្លួន សម្រាប់បេសកកម្មផ្គត់ផ្គង់នៅ Second Thomas Shoal គឺការជូនដំណឹងជាមុន និងការផ្ទៀងផ្ទាត់នៅនឹងកន្លែងដោយឆ្មាំសមុទ្រចិន។ ផ្ទុយទៅវិញ ហ្វីលីពីនបានបដិសេធយ៉ាងដាច់អហង្ការថា លក្ខខណ្ឌទាំងនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ចិនបានចោទប្រកាន់ហ្វីលីពីនថា «បំពានលើអធិបតេយ្យភាពរបស់ខ្លួន» នៅតំបន់ Scarborough Shoal និងបានអះអាងថា យោធារបស់ពួកគេ «បានចាត់វិធានការចាំបាច់» ដើម្បីការពារទឹកដីរបស់ខ្លួន។
អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានបញ្ជាក់ថា កិច្ចព្រមព្រៀងបណ្តុះអាសន្នជាមួយចិននេះ មិនបានធ្វើសម្បទានដល់ជំហររបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងទេ ហើយអាចត្រូវបានវាយតម្លៃឡើងវិញប្រសិនបើចាំបាច់៕