(ម៉ូស្គូ)៖ កងកម្លាំងរុស្ស៊ី បានវាយបកកងទ័ពអ៊ុយក្រែនវិញ ដោយប្រើប្រាស់កាំភ្លើងធំ ដ្រូន និងការវាយប្រហារតាមអាកាស នៅក្នុងសកម្មភាពដែលមេបញ្ជាការជាន់ខ្ពស់ម្នាក់បានអះអាងថា បានបញ្ឈប់ការឈានទៅមុខរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

កាលពីមួយសប្តាហ៍មុន ទាហានអ៊ុយក្រែនបានវាយលុកឆ្លងកាត់ព្រំដែនរុស្ស៊ី ក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ការវាយលុកនេះបានជំរុញឱ្យក្រុងម៉ូស្គូ ជម្លៀសមនុស្សយ៉ាងតិច ២០០,០០០នាក់ និងបានប្រញាប់ប្រញាល់ដាក់ពង្រាយកងទ័ពបម្រុង និងរឹតបន្តឹងសន្តិសុខ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រតិបត្តិការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ទីក្រុងកៀវ មុនពេលកិច្ចពិភាក្សាសន្តិភាពដែលអាចកើតមាន និងបន្ថយល្បឿននៃកងកម្លាំងរុស្ស៊ីនៅជួរមុខ។

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារនេះបានចេញផ្សាយវីដេអូមួយ បង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 កំពុងវាយប្រហារទៅលើអ្វីដែលខ្លួនបាននិយាយថា ជាទាហានអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន Kursk។ ឧត្តមសេនីយ Apti Alaudinov មេបញ្ជាការនៃអង្គភាពកងកម្លាំងពិសេស Chechen Akhmat បានអះអាងថា ការវាយលុករបស់អ៊ុយក្រែនត្រូវបានបញ្ឈប់។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែមិនច្បាស់លាស់ថាភាគីណាដែលគ្រប់គ្រងទីក្រុង Sudzha របស់រុស្ស៊ី ដែលជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់អ៊ុយក្រែន និងបន្តទៅកាន់ស្លូវ៉ាគី និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។

ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែអះអាងថា ខ្លួនបានគ្រប់គ្រងលើផ្ទៃដីមួយចំនួននៅក្នុងតំបន់ Kursk ប៉ុន្តែទំហំនៃផ្ទៃដីដែលភាគីនីមួយៗគ្រប់គ្រង នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕