(កាប៊ុល)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃគ្រប់គ្រងដោយរដ្ឋាភិបាលតាលីបង់ ក្នុងទីក្រុងកាប៊ុល បាននិយាយថា ជនស៉ីវិលអាហ្វហ្កានីស្ថាន ៣នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន ជាមួយអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤។
លោក Mufti Abdul Mateen និយាយថា ការប៉ះទង្គិចគ្នាកើតឡើងកាលពីថ្ងៃចន្ទ ក្បែរច្រកព្រំដែនភាគនិរតី Torkham បន្ទាប់ពីសន្តិសុខព្រំដែនប៉ាគីស្ថាន បើកការបាញ់ប្រហារមកលើកងកម្លាំងសន្តិសុខព្រំដែន របស់អាហ្វហ្កានីស្ថាន។ កងកម្លាំងប៉ាគីស្ថាន បានកំណត់គោលដៅលើផ្ទះជនស៉ីវិល សម្លាប់ស្រ្តីម្នាក់ និងកូន ២នាក់។ ភ្លាមៗ យោធាប៉ាគីស្ថាន នៅមិនទាន់ឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយទេ។ តែបើតាមមន្ត្រីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះ ទាហានប៉ារ៉ាប៉ាគីស្ថាន ៣នាក់បានរងរបួស នៅក្នុងពេលប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាតែងកើតមានឡើងជាញឹកញាប់ រវាងកងកម្លាំងសន្តិសុខនៃប្រទេសជិតខាងទាំងពីរនេះ នៅតាមព្រំដែនដែលទំនាក់ទំនងមិនសូវល្អនឹងគ្នាស្រាប់ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ៕