(ប៉េកាំង)៖ ក្រសួងការបរទេសទីក្រុងប៉េកាំង បានឱ្យដឹងនាថ្ងៃអង្គារនេះថា ប្រមុខការទូតចិនលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា លោក Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ហើយបន្តដំណើរទៅថៃ ដើម្បីចូលរួមធ្វើជាសហប្រធាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ (Lancang-Mekong)។ ទន្ទឹមគ្នានោះ លោក Wang ក៏នឹងចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការ រវាងសមភាគីមកពីឡាវ មីយ៉ាន់ម៉ា និងថៃ ផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអាស៉ី បានជួបប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ ដើម្បីពិភាក្សាអំពីសន្តិភាពនិងស្ថិរភាព នៅតាមបណ្តោយតំបន់ព្រំដែននៃប្រទេសទាំងពីរ។ រដ្ឋ Shan នៅភាគខាងជើងមីយ៉ាន់ម៉ា ជាប់ព្រំប្រទល់ចិន បានក្លាយជាសមរភូមិប៉ះទង្គិចគ្នា តាំងតែពីចុងខែមិថុនាមក បន្ទាប់ពីក្រុមឧទ្ទាម បានចាប់ផ្តើមការវាយលុកឡើងវិញ លើកងកម្លាំងរបបសឹក៕