អ៉ីរ៉ង់ទាត់ចោលការអំពាវនាវរបស់អឺរ៉ុប ដែលចង់ឱ្យអត់ធ្មត់កុំវាយប្រហារសងសឹក លើអ៉ីស្រាអែល (Video inside)
13-08-2024 16:49
(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ នាថ្ងៃអង្គារនេះបាននិយាយថា ការអំពាវនាវរួមគ្នាពីសំណាក់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឱ្យអ៉ីរ៉ង់ប្រកាន់ភាពអត់ធ្មត់កុំវាយប្រហារសងសឹក លើអ៉ីស្រាអែល គឺខ្វះហេតុផលត្រឹមត្រូវ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ដោយគ្មានការជំទាស់អ្វីទាំងអស់ ចំពោះឧក្រិដ្ឋកម្មរបស់អ៉ីស្រាអែល សេចក្តីថ្លែងការណ៍រួមរបស់ប្រទេស EU ទាំង៣ បានទាមទារដោយឥតការគោរពទាល់តែសោះ ឱ្យអ៉ីរ៉ង់កុំឆ្លើយតបចំពោះសកម្មភាពរំលោភបំពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
ជាមួយគ្នានេះ លោក Kanaani បានបន្តថា ទីក្រុងតេហេរ៉ង់មានការតាំងចិត្តខ្ពស់ ដើម្បីចាត់វិធានការលើអ៉ីស្រាអែល ហើយបានអំពាវនាវឱ្យទីក្រុងប៉ារីស បែរឡាំង និងឡុងដ៍ ក្រោកឈរប្រឆាំងសង្រ្គាមរបស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា។ លោក Kanaani បានបន្ថែមទៀតថា ភាពអសកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូករួមជាមួយការគាំទ្រផ្នែកនយោបាយ និងយោធាយ៉ាងទូលំទូលំរបស់រដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច ចំពោះអ៉ីស្រាអែល គឺជាកត្តាចម្បងបំផុត ដែលស្ថិតនៅពីក្រោយ ការរីករាលនៃវិបត្តិហ្កាហ្សា ក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង៣ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឱ្យ អ៉ីរ៉ង់និងសម្ព័ន្ធមិត្តអ៉ីរ៉ង់ កុំវាយប្រហារសងសឹកលើអ៉ីស្រាអែល ក្រោយការសម្លាប់ មេដឹកនាំនយោបាយក្រុមហាម៉ាស គឺលោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា។ អ៉ីរ៉ង់ រួមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុម Hezbollah លីបង់ បានចោទប្រកាន់ថា អ៉ីស្រាអែលជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ខណៈរដ្ឋាភិបាលអ៉ីស្រាអែលផ្ទាល់ មិនបានទទួលស្គាល់ឬក៏បដិសេធឡើយ។ ដោយឡែក បើតាមសេតវិមានអាមេរិក អ៉ីរ៉ង់អាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ក្នុងសប្តាហ៍នេះ។