(វ៉ាសូវី)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូឡូញបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Raytheon ដើម្បីផលិតប្រព័ន្ធការពារដែនអាកាស និងមីស៉ីល Patriot ចំនួន៤៨គ្រឿង សម្រាប់បំពាក់ឱ្យកងទ័ពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងខាងលើមានទំហំ១.២៣ពាន់លានដុល្លារ ហើយប្រព័ន្ធការពារដែនអាកាសទាំងនោះ នឹងត្រូវផលិតនៅលើទឹកដីប៉ូឡូញផ្ទាល់ ខណៈបើតាមការរំពឹងទុក ពួកវានឹងអាចចាប់ផ្តើមប្រគល់ឱ្យយោធាប៉ូឡូញ នៅចន្លោះឆ្នាំ២០២៧-២០២៩។ ប្រទេសអឺរ៉ុបខាងកើតមួយនេះ បានខិតខំពន្លឿនការធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន បន្ទាប់ពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ូឡូញដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់អ៊ុយក្រែន ធ្លាប់បានប្រកាសថា ខ្លួននឹងចំណាយថវិកាជាង៤ភាគរយ នៃ GDP ទៅលើវិស័យការពារជាតិក្នុងឆ្នាំនេះ ពោលគឺវាស្មើនឹងទ្វេដងនៃគោលដៅ២ភាគរយ របស់អង្គការ NATO។
គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិប៉ូឡូញ សហរដ្ឋអាមេរិក កាលពីខែកក្កដាកន្លងទៅ បានផ្តល់កញ្ចី២ពាន់លានដុល្លារដល់ប៉ូឡូញ ដើម្បីជួយទីក្រុងវ៉ាសូវីក្នុងការទិញ ប្រព័ន្ធការពារដែនអាកាស និងមីស៉ីលរបស់អាមេរិក។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ូឡូញទើបតែបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីទិញមីស៉ីលសម្រាប់បំពាក់លើយន្តហោះចម្បាំង AIM-120C AMRAAM រាប់រយគ្រាប់។ មិនតែប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញផ្ទាល់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ទីក្រុងវ៉ាសូវីនិងទីក្រុងវ៉ាស៉ីនតោន ក៏គ្រោងចុះកិច្ចព្រមព្រៀងការពារជាតិមួយផ្សេងទៀត ផងដែរ ស្តីពីការទិញឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន៩៦គ្រឿង ក្នុងតម្លៃជាង៩ពាន់លានដុល្លារ៕