នាយករដ្ឋមន្ត្រីអង់គ្លេស ប្រាប់ប្រធានាធិបតីអ៉ីរ៉ង់៖ សង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់ ឡើយ (Video inside)
13-08-2024 14:06
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ដោយស្នើសុំឱ្យរូបលោកបញ្ចៀសការវាយប្រហារលើអ៉ីស្រាអែល ពីព្រោះសង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចសន្ទនារវាងលោក Starmer ជាមួយលោក Pezeshkian ធ្វើឡើងក្រោមក្របខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុង តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងក្រុមហេសបូឡា ប្រឆាំងនឹងអ៉ីស្រាអែល ជុំវិញការសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh លើទឹកដីអ៉ីរ៉ង់ និងមេបញ្ជាការក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់។ ក្នុងកិច្ចសន្ទនានោះដែរ លោក Starmer បានប្រាប់ លោក Pezeshkian ថាលោកផ្ទាល់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងសព្វថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ បន្ធូរបន្ថយជម្លោះ ព្រមទាំងបញ្ចៀសការប្រឈមមុខដាក់គ្នា។
សារព័ត៌មាន Sky News ដែលបានរាយការណ៍មុនគេពីកិច្ចសន្ទនារវាងលោក Starmer និងលោក Pezeshkian បានឱ្យដឹងថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំង២ មានរយៈពេល៣០នាទី ហើយបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស ចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំអឺរ៉ុបដទៃទៀត កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ក៏បាននិយាយដែរថាអ៉ីរ៉ង់អាចនឹងបើកការវាយប្រហារធំមួយលើអ៉ីស្រាអែល លឿនបំផុតអាច នៅក្នុង សប្ដាហ៍នេះ៕