(Reuters)៖ អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
ក្នុងពេលដែលរុស្ស៉ី កំពុងបន្តតស៊ូវាយរុញច្រានការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់កងទ័ពអ៊ុយក្រែន អស់រយៈពេលជាង១សប្ដាហ៍មកនេះ មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថាកងទ័ពអ៊ុយក្រែនកំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៉ី។ លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។ បច្ចុប្បន្ន យើងគ្រប់គ្រងទឹកដី ប្រហែល ១០០០គីឡូម៉ែត្រក្រឡា នៃទឹកដីសហព័ន្ធរុស្ស៉ី»។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Syrskyi ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអភិបាលស្ដីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងទីតាំងចំនួន ២៩កន្លែង នៅក្នុងប្រតិបត្តិការវាយឆ្មក់ចូលទឹកដីរុស្ស៉ី។ លោកបន្ថែមថាកងទ័ពអ៊ុយក្រែនវាយចូលដីរុស្ស៉ី បាន ជម្រៅ ១២គីឡូម៉ែត្រ និងទទឹង ៤០គីឡូម៉ែត្រ។ ប៉ុន្តែ ការអះអាងរៀងៗខ្លួនរបស់ភាគីរុស្ស៉ី និងអ៊ុយក្រែនមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ៕