(វ៉ាស៊ីនតោន)៖ សេតវិមាន បានអះអាងថាសហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធនឹងបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ចេញពីអំណាចនោះទេ ហើយចាត់ទុកថាការចោទប្រកាន់លើសហរដ្ឋអាមេរិកជារឿងមិនពិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters។
សេតវិមាន តាមរយៈអ្នកនាំពាក្យលោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ថា «យើងមិនមាន ជាប់ពាក់ព័ន្ធអ្វីទាំងអស់។ រាល់សេចក្ដីរាយការណ៍ ឬពាក្យចចាមអារ៉ាមថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងនោះ គឺជារឿងមិនពិត»។
ការចេញមុខបញ្ជាក់របស់សេតវិមាន ធ្វើឡើងក្រោយសារព័ត៌មាន Economic Times ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានចុះផ្សាយ អត្ថបទមួយដោយផ្អែកលើការស្រង់សម្ដីពីលោកស្រី Hasina ដែលបានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងការបណ្ដេញលោកស្រី ចេញពីតំណែងនាយករដ្ឋមន្ត្រី ពីព្រោះទីក្រុងវ៉ាស៊ីនតោន ចង់គ្រប់គ្រងកោះ Saint Martin របស់បង់ក្លាដែស នៅក្នុងតំបន់ឆ្នេរសមុទ្រ Bengal។
តាមសារព័ត៌មាននេះដដែល លោកស្រី Hasina បានធ្វើការចោទប្រកាន់បែបនេះប្រាប់មនុស្សជំនិតៗរបស់លោកស្រី។ ប៉ុន្តែ កូនប្រុសរបស់លោកស្រី Hasina គឺលោក Sajeeb Wazed បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយនិយាយថាម្ដាយរបស់លោកមិនដែលបានធ្វើការចោទប្រកាន់ បែបនេះនោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់បង់ក្លាដែស ដឹកនាំដោយជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូល កាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ជាមួយការប្រកាសពីបំណងរៀបចំការបោះឆ្នោតនៅពេលខាងមុខ។ លោកស្រី Hasina វិញកំពុងរស់នៅ ជ្រកកោនក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា៕