(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១៤ ខែសីហា នឹងចេញសាលក្រមមួយដើម្បីសម្រេចលើជោគវាសនារបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៉ីន ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសរំលាយ គណបក្ស Move Forward ជាបក្សឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ សំណុំរឿងទាំង២នេះ បានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងការព្រួយបារម្ភពីលទ្ធភាពកើតមាន ភាពច្របូកច្របល់នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលមានគណបក្សនយោបាយជាច្រើនត្រូវបានរំលាយ និងរដ្ឋាភិបាលត្រូវបានផ្ដួលរំលំដោយសាលក្រមតុលាការ និងរដ្ឋប្រហារ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។
លោក Prommin Lertsuridej ជាអ្នកនយោបាយជើងចាស់ មកពីគណបក្សភឿថៃ ជាបក្សកាន់អំណាចសព្វថ្ងៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្ដាហ៍មុនថា លោក សេដ្ឋា ទំនងជាអាច នឹងគេចផុតពីសាលក្រមដកតំណែងរបស់តុលាការធម្មនុញ្ញ។ ដូចគ្នាដែរ លោក Thitinan Pongsudhirak ជាអ្នកវិភាគ និងជាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយម្នាក់របស់ថៃបានប្រាប់ AFP ថាលោក ផ្ទាល់មិនរំពឹងនោះទេថាលោកនាយករដ្ឋមន្ត្រី សេដ្ឋា នឹងត្រូវបណ្ដេញចេញពីអំណាច។ «ខ្ញុំគិតថាគាត់ (លោក សេដ្ឋា) នឹងនៅតែអាចរក្សាតំណែងជានាយករដ្ឋមន្ត្រី ពីព្រោះតែការរកមនុស្សមកជំនួស រូបលោក គឺជារឿងដ៏ពិបាក ហើយម្យ៉ាង គាត់មិនបានធ្វើអ្វីខុសនោះទេ និងមានតែប្រឹងប្រែងធ្វើការប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក Thitinan។ ក៏ប៉ុន្តែ ចុះប្រសិនបើលោក សេដ្ឋា ត្រូវបានដក តំណែងវិញ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួសរូបលោក?
* អ្វីទៅជាសំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា?
សំណុំរឿងប្រឆាំងលោក សេដ្ឋា ត្រូវបានផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាថៃ ៤០នាក់ កាលពីខែឧសភាកន្លងទៅ ហើយតុលាការធម្មនុញ្ញាថៃ ក៏បានសម្រេចទទួលយកសំណុំរឿងនេះដែរ។ សមាជិកព្រឹទ្ធសភាថៃទាំងនេះបានចោទប្រកាន់លោក សេដ្ឋាថាបានបំពានក្រិតក្រមក្រមសីលធម៌ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ សំណុរឿងនេះពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់លោក សេដ្ឋា ក្នុងការតែងតាំងអតីតមេធាវីម្នាក់ឈ្មោះ Pichit Chuenban ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី នៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោក ទាំងដែលលោក Pichit ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទសូកប៉ាន់ និងប្រមាថតុលាការ។ លោក Pichit ដែលជាមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារ ស៊ីណាវ៉ាត់ បានលាលែងពីតំណែងវិញ ក្រោយភាពចម្រូងចម្រាសបានផ្ទុះឡើង រីឯលោក សេដ្ឋា បានបដិសេធរាល់ការចោទប្រកាន់ និងអះអាងថាលោកមិនបានប្រព្រឹត្តិទោសកំហុសអ្វីនោះទេ។
* តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី បើលោក សេដ្ឋា របូតតំណែងមែននោះ?
សំណុំរឿងរបស់លោក សេដ្ឋា គឺស្ថិតនៅក្នុងចំណោមកត្តាជាច្រើនដែលអាចបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងភាពច្របូលច្របល់ខាងទីផ្សារហិរញ្ញវត្ថុ ព្រមទាំងកិច្ចប្រឹងប្រែងស្ដារសេដ្ឋកិច្ចថៃ ឡើងវិញ ក្រោយកូវីដ១៩។ លោក សេដ្ឋា ក៏បានប្រឈមមុខហើយដែរនឹងការពន្យារពេលអនុវត្តតាមផែនការជំរុញកំណើនសេដ្ឋកិច្ចមានទំហំទឹកប្រាក់ ១៣.៨៥ពាន់លានដុល្លារ រួមទាំងការថយចុះ ប្រជាប្រិយភាព។ ប្រសិនបើលោករបូតតំណែងនាយករដ្ឋមន្ត្រីមែន នោះរដ្ឋាភិបាលថ្មីមួយនឹងត្រូវបានបង្កើតឡើង ហើយបក្សភឿថៃនឹងត្រូវដាក់ឈ្មោះបេក្ខជនថ្មីម្នាក់របស់ខ្លួន ដើម្បីឱ្យសភាបោះឆ្នោត តែងតាំង។ តែមិនមានការធានា១០០ភាគរយ ថាបក្សភឿថៃនឹងទទួលជោគជ័យ ក្នុងការបោះឆ្នោតនេះនោះទេ។ ម្យ៉ាង ការបោះឆ្នោត ក៏អាចនឹងជំរុញឱ្យភឿថៃ ត្រូវប្រជែងជាមួយគណបក្សជាដៃគូ ក្នុងក្រុមចម្រុះ ដែលសុទ្ធសឹងតែសម្លឹងឃើញកៅអីនាយករដ្ឋមន្ត្រីរៀងៗខ្លួន ឬក៏អាចនាំទៅដល់ការធ្វើសម្បទានជាថ្នូរនឹងការបោះឆ្នោតគាំទ្របេក្ខជនរបស់ភឿថៃ។ លទ្ធផលនៃសេណារីយ៉ូទាំង២នេះ អាចនឹងធ្វើឱ្យក្រុមចម្រុះរង្គោះរង្គើរ ឬអាចឈានទៅរកការរៀបចំឡើងវិញនូវគណៈរដ្ឋមន្ត្រី និងគោលនយោបាយជាដើម។
បើយោងតាមរដ្ឋធម្មនុញ្ញថៃ បេក្ខជនទាំងអស់ត្រូវតែជាអ្នកដែលធ្លាប់ត្រូវបានគណបក្សនយោបាយតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ ពួកគេក៏ត្រូវតែមកពី គណបក្សដែលមានសមាជិកសភារបស់ខ្លួន ២៥រូប ឬទទួលបានអាសនៈ ៥ភាគរយ នៃអាសនៈរដ្ឋសភាសរុប។ បេក្ខជនដែលចង់ឈ្នះក្នុងការប្រកួតប្រជែង ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រភាគច្រើន យ៉ាងតិច ២៥១សំឡេងពីសមាជិករដ្ឋសភាទាំង៥០០រូប។
ក្នុងពេលបច្ចុប្បន្ន គណបក្សនយោបាយថៃដែលបំពេញតាមគ្រប់លក្ខខណ្ឌទាំងនេះ មានចំនួន ៦ គឺអតីតគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជន (People’s Party) (មាន១៥១អាសនៈ) Pheu Thai (មាន១៤១អាសនៈ), Bhumjaithai (៧១អាសនៈ) Palang Pracharath (៤០អាសនៈ) United Thai Nation (៣៦អាសនៈ) និងគណបក្ស Democrat Party (២៥អាសនៈ)។ នៅក្នុងជួររដ្ឋាភិបាលចម្រុះ Pheu Thai មានបេក្ខជននាយករដ្ឋមន្ត្រី ដូចជាលោក សេដ្ឋា អ្នកស្រី Paetongtarn និងលោក Chaikasem ខណៈគណបក្ស Bhumjaithai មានបេក្ខជន នាយករដ្ឋមន្ត្រីតែម្នាក់គត់ គឺលោក Anutin Charnvirakul ជាមេដឹកនាំគណបក្សតែម្តង។ បេក្ខជនមកពីគណបក្ស Palang Pracharath គឺមេដឹកនាំបក្ស លោក Prawit Wongsuwan ហើយបេក្ខជន របស់គណបក្ស United Thai Nation គឺអតីតនាយករដ្ឋមន្ត្រីថៃ លោក Prayut និងមេដឹកនាំបក្ស លោក Pirapan Salirathavibhaga។ តែលោក Prayut បានចូលនិវត្តន៍ពីនយោបាយទៅហើយ និងបាន ក្លាយជាសមាជិកមួយរូបនៃឧត្តមប្រឹក្សាព្រះមហាក្សត្រ។
ចំណែក នៅខាងគណបក្សប្រឆាំងវិញ គឺបេក្ខជនរបស់អតីតគណបក្ស Move Forward មិនទាន់ត្រូវបានគេដឹងនោះទេ ក្រោយអតីតមេដឹកនាំបក្ស លោក Pita Limjaroenrat ដែលកន្លងមកជាបេក្ខជន តែម្នាក់គត់របស់បក្ស ត្រូវបានហាមឃាត់ពីការធ្វើនយោបាយរយៈពេល១០ឆ្នាំ ខណៈខាងបក្ស Democrats មានអតីតមេដឹកនាំរបស់ខ្លួន គឺលោក Jurin Laksanawisit ជាបេក្ខជននាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោក សេដ្ឋា គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលបានតតាំងក្ដីនៅឯតុលាការធម្មនុញ្ញ ចាប់តាំងពីតុលាការនេះត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ១៩៩៧មក។ ធ្លាប់មាននាយករដ្ឋមន្ត្រីថៃ ២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធ ហើយត្រូវបានដកចេញពីតំណែង ខណៈនាយករដ្ឋមន្ត្រី២នាក់ទៀតបានរួចខ្លួន។ នាយករដ្ឋមន្ត្រីដែលត្រូវបានតុលាការធម្មនុញថៃ ចេញសាលក្រមដកតំណែង រួមមានលោក Samak Sundaravej និងលោកស្រី Yingluck Shinawatra។ ចំណែក នាយករដ្ឋមន្ត្រីថៃ២នាក់ដែលបានរួចខ្លួន គឺលោក Thaksin Shinawatra និងលោក Prayut Chan-o-cha៕