(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ជាសាធារណៈលើកដំបូងថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុងកៀវ នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី គឺដើម្បី «ស្តារយុត្តិធម៌» និងដាក់សម្ពាធលើកងកម្លាំងរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ការវាយប្រហារនេះ គឺជាការលុកលុយដ៏ធំបំផុតរបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដែលបានធ្វើឱ្យផ្នែកភាគនិរតី នៃប្រទេសរុស្ស៊ីងាយរងគ្រោះ។ អាជ្ញាធររុស្ស៊ីបានឆ្លើយតបដោយការជម្លៀសអ្នកស្រុក និងដាក់ចេញវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមតំបន់ព្រំដែន។ បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទីក្រុងមូស្គូ ក៏បានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនផងដែរ។
ប្រធានាធិបតី Zelenskiy បានប្តេជ្ញាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោកបានអះអាងថា «អ៊ុយក្រែនកំពុងបង្ហាញពិភពលោកថា យើងអាចស្តារយុត្តិធម៌ឡើងវិញ ហើយកំពុងដាក់សម្ពាធចាំបាច់ទៅលើអ្នកឈ្លានពាន»។
គួរបញ្ជាក់ថា ទោះបីជារុស្ស៊ីអះអាងថាបានទប់ទល់ការវាយប្រហារ និងបានបំផ្លាញយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនរបស់អ៊ុយក្រែនក៏ដោយ ក៏អ្នកវិភាគយោធាជឿថា អ៊ុយក្រែនបានទទួលជោគជ័យក្នុងការគ្រប់គ្រងតំបន់មួយចំនួននៅក្នុងទឹកដីរុស្ស៊ី។
សង្គ្រាមនៅតែបន្តក្តៅគគុក ខណៈដែលភាគីទាំងពីរបន្តប្រយុទ្ធគ្នាដោយឥតឈប់ឈរ។ អ៊ុយក្រែនបានប្តេជ្ញាថានឹងបន្តវាយប្រហារ ខណៈដែលរុស្ស៊ីក៏បានប្តេជ្ញាថានឹងការពារទឹកដីរបស់ខ្លួន៕