(ហ្គាហ្សា)៖ អ៊ីស្រាអែលបានបន្តការវាយប្រហារនៅទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ទោះបីជាមានការជំរុញអន្តរជាតិ ឱ្យបញ្ឈប់អំពើហិង្សាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលទៅលើតំបន់ជាច្រើននៃទីក្រុង Khan Younis នៅថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងជាច្រើននាក់ទៀតរងរបួស។ ទន្ទឹមនឹងនោះ គ្រួសារ និងជនភៀសខ្លួនកាន់តែច្រើន បានហូរចេញពីតំបន់ដែលត្រូវបានគំរាមកំហែង ដោយបញ្ជាជម្លៀសថ្មីរបស់អ៊ីស្រាអែល។
នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់មួយចំនួន នៃតំបន់ហ្គាហ្សាស្ទ្រីប ក្រុមហាម៉ាស់បានបញ្ចេញប្រតិកម្មចំពោះកិច្ចចរចាចុងក្រោយបង្អស់ ដែលត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប និងកាតាកាលពីថ្ងៃព្រហស្បតិ៍ ថា ខ្លួនមិនបានឃើញសញ្ញាវិជ្ជមានណាមួយពីភាគីអ៊ីស្រាអែលឡើយ។ ទន្ទឹមគ្នានេះ ក្រុមនេះជឿជាក់ថា ការអំពាវនាវឱ្យមានកិច្ចចរចា គឺជាយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដើម្បីរារាំងការឆ្លើយតបពីអ៊ីរ៉ង់ និងហេសបូឡាតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានជំរុញឱ្យក្រុមអ្នកសម្របសម្រួលកិច្ចចរចា អនុវត្តតាមផែនការបទឈប់បាញ់មួយរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ជំនួសឱ្យការបន្តកិច្ចរចាបន្ថែមទៀត ខណៈប្រជាជនប៉ាឡេស្ទីនកំពុងភៀសខ្លួនគេចចេញពីប្រតិបត្តិការយោធាថ្មីមួយរបស់អ៉ីស្រាអែល។
ទន្ទឹមនឹងនេះ ការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយកំពុងកើនឡើង ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងយោធាបន្ថែមទៅកាន់តំបន់នេះ។ អ៊ីស្រាអែលក៏បានព្រមានអំពីការគំរាមកំហែងដែលអាចកើតមានពីអ៊ីរ៉ង់ និងក្រុមហេសបូឡា បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់។
គួរបញ្ជាក់ថា ជម្លោះនៅហ្គាហ្សាបានអូសបន្លាយជាង ១០ខែមកហើយ ដោយបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ទាំងសងខាង និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងបាននៅឡើយ ខណៈដែលភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងខ្លាំង៕