(ហាណូយ)៖ មេដឹកនាំកំពូលនៃប្រទេសវៀតណាម លោក To Lam នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ក្នុងការបំពេញទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូង ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មី នៃបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។
យោងតាមប្រភពដែល Reuters ទទួលបាន លោក Lam ដែលកាន់តួនាទីទន្ទឹមគ្នាជាប្រធានាធិបតីវៀតណាម ផងដែរនោះ កំពុងគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា។ ក្នុងរយៈពេល២ថ្ងៃបន្ទាប់នោះ លោកនឹងត្រូវជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ព្រមទាំងក្រុមមន្រ្តីចិនដទៃទៀត។ យ៉ាងណាមិញ គម្រោងទស្សនកិច្ចនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការទេ ខណៈខាងក្រសួងការបរទេសចិននិងវៀតណាម មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ពី Reuters ឡើយ។
គួរបញ្ជាក់ថា ក្នុងនាមជាប្រធានាធិបតីវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំនេះ លោក Lam ដែលសព្វថ្ងៃមានអាយុ៦៧ឆ្នាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងកម្ពុជា។ ចំណែកកាលពីខែមិថុនា លោកក៏បានជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ អំឡុងពេលលោក ពូទីន បំពេញទស្សនកិច្ចនៅទីក្រុងហាណូយ។ ការធ្វើដំណើរទៅចិន នឹងជាទស្សនកិច្ចក្រៅប្រទេសលើកទី១ គិតចាប់តាំងពីលោក Lam ត្រូវបានតែងតាំងជា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី៣ ខែសីហា ក្រោយមរណភាពរបស់ អគ្គលេខាធិការចាស់ គឺលោក Nguyen Phu Trong ក្នុងវ័យ៨០ឆ្នាំ កាលពី២សប្តាហ៍មុនពេលនោះ៕