(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីលោក Yoon Suk Yeol បានតែងតាំង ប្រធានទីភ្នាក់ងារការពារសន្តិសុខប្រធានាធិបតី លោក Kim Yong-hyun ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។
ចំណែករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Shin Won-sik ត្រូវបានផ្លាស់តួនាទីឱ្យទៅកាន់តំណែងជា ទីប្រឹក្សាសន្តិសុខជាតិវិញ ខណៈទីប្រឹក្សាសន្តិសុខជាតិ លោក Chang Ho-jin ត្រូវបានតែងតាំងជា ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ ដែលជាតំណែងទើបតែបង្កើតថ្មី។
គួរបញ្ជាក់ថា លោក Kim Yong-hyun ដែលជាអតីតឧត្តមសេនីយ៍ផ្កាយ៣មួយរូប បានបម្រើជាប្រធានទីភ្នាក់ងារកងអង្គរក្សប្រធានាធិបតីកូរ៉េខាងត្បូង ចាប់តាំងតែពីលោក Yoon បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០២២។ រីឯលោក Shin បានកាន់តំណែងជា ប្រមុខការពារជាតិកូរ៉េខាងត្បូង តាំងពីខែតុលា ឆ្នាំ២០២៣ បន្តពីលោក Lee Jong-sup៕