(ហ៊្សេរុយសាឡិម)៖ សារព័ត៌មានអាមេរិក Axios បានអះអាងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ថា អ៉ីរ៉ង់កំពុងតែធ្វើការត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារយោធាក្នុងទ្រង់ទ្រាយធំលើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ ក្រសួងការពារជាតិអ៉ីស្រាអែល បានទទួលស្គាល់ថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Gallant និងលោក Austin ពិតជាបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃអាទិត្យ ដោយប្រមុខការពារជាតិទាំងពីរ បានជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការ រវាងអ៉ីស្រាអែលនិងអាមេរិក ព្រមទាំងអំពីការត្រៀមប្រុងជើងការរបស់អ៉ីស្រាអែល នៅចំពោះមុខការគំរាមកំហែងនានាពីអ៉ីរ៉ង់។
លោក Austin បានបញ្ជាឱ្យដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៉ីល១គ្រឿង មកកាន់តំបន់មជ្ឈិមបូព៌ា ហើយក៏បានបញ្ជាទៅកាន់ កងកម្លាំងនាវាយោធាអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln ឱ្យពន្លឿនការធ្វើដំណើរមកដល់ផងដែរ។ កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោន បានប្រកាសរួចហើយថា នឹងដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមមកកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ជូនសារកំញើញទៅកាន់អ៉ីរ៉ង់ និងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការការពារអ៉ីស្រាអែល។
ដោយឡែក បើតាមរដ្ឋាភិបាលអង់គ្លេស មេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃចន្ទនេះផងដែរ អំពាវនាវឱ្យអ៉ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួន កុំធ្វើសកម្មភាពវាយប្រហារប្រឆាំងអ៉ីស្រាអែល ក្រោមហេតុផលថា វានឹងបង្កើនភាពតានតឹង ហើយបំផ្លាញឱកាសសម្រេចបានបទឈប់បាញ់ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន មេបញ្ជាការរងមួយរូប នៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់ត្រៀមខ្លួនរួចហើយ ដើម្បីអនុវត្តបទបញ្ជារបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដើម្បីដាក់ទោសឱ្យធ្ងន់ធ្ងរលើអ៉ីស្រាអែល ជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់៕