(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ព្យុះត្រូពិកឈ្មោះថា Maria បានបោកបក់លើតំបន់ Iwate ភាគខាងជើងប្រទេសជប៉ុន ដោយវានាំមកនូវភ្លៀងធ្លាក់ជោគជាំ ដែលបានបង្កការរាំងស្ទះ ដល់ជើងហោះហើរ ក៏ដូចជាសេវាកម្មរថភ្លើង ហើយទន្ទឹមគ្នា បានបង្ខំឱ្យមនុស្សរស់នៅ តាមតំបន់មួយចំនួន ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។
ព្យុះខាងលើ ដែលមានកម្លាំងខ្យល់អតិបរមា ៧២គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកដល់ឆ្នេរក្បែរទីក្រុង Ofunato នៃខេត្ត Iwate កាលពីព្រឹកថ្ងៃចន្ទនេះ ហើយនៅអំឡុងវេលាល្ងាច ឬយប់ថ្ងៃដដែល វាត្រូវបានព្យាករថា នឹងធ្វើដំណើរចេញផុតទៅកាន់សមុទ្រជប៉ុន។ ជើងហោះហើរមួយចំនួន ឆ្ពោះទៅកាន់តំបន់ភាគខាងជើងជប៉ុន ត្រូវបានលុបចោល ហើយសេវាកម្មរថភ្លើងខ្លះ នៅក្នុងតំបន់ ក៏ត្រូវបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ផងដែរ។
គួរបញ្ជាក់ថា យ៉ាងណាមិញ ពុំទាន់ឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរ ដែលបង្កឡើងដោយការវាយប្រហារ នៃព្យុះត្រូពិកនេះឡើយ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្ត ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលធ្វើឱ្យបាតុភូតអាកាសធាតុអាក្រក់ ដូចជាភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិក កើតមានឡើងកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល៕