(ស៉ីដនី)៖ នៅថ្ងៃចន្ទនេះ អូស្រ្តាលីបានប្រកាសឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតការផ្ទេរការណ៍សម្ងាត់ ព្រមទាំងវត្ថុធាតុនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈវាគឺជាជំហានសំខាន់មួយឆ្ពោះទៅរក ការបំពាក់​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឱ្យកងទ័ពជើងទឹកអូស្រ្តាលី នៅក្រោមក្របខណ្ឌ AUKUS។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងខាងលើចងភ្ជាប់ប្រទេសទាំង៣ ក្នុងការផ្ទេរបច្ចេកវិទ្យាសម្ងាត់ និងវត្ថុធាតុនុយក្លេអ៊ែររបស់អាមេរិក ព្រមទាំងអង់គ្លេស ក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី ឆ្នាំ២០២១ ហៅថា AUKUS។ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការទទួលបាន នូវនាវាមុជទឹកបំពាក់អាវុធធម្មតា ប៉ុន្តែដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់កងទ័ពជើងទឹករបស់ប្រទេសអូស្រ្តាលី។

គួរបញ្ជាក់ថា សម្ព័ន្ធភាព AUKUS ដែលមានចក្ខុវិស័យកសាងកងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់អូស្រ្តាលី និងរួមគ្នាអភិវឌ្ឍប្រព័ន្ធសព្វាវុធ ដែលមានសមត្ថភាពខ្ពស់ៗ គឺត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តមួយដឹកនាំដោយអាមេរិក ដើម្បីឆ្លើយតបចំពោះមហិច្ឆតាយោធារបស់ចិន នៅក្នុងតំបន់ប៉ាស៉ីហ្វិក។ អំលុងការបំពេញទស្សនកិច្ចមួយ មកកាន់ប្រទេសអូស្រ្តាលី កាលពីខែមេសា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក៏បានព្រមានជាថ្មី អំពីសម្ព័ន្ធភាព AUKUS ផងដែរ៕