(ដែនដីប៉ាឡេស្ទីន)៖ ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា បានជំរុញឱ្យក្រុមអ្នកសម្របសម្រួលកិច្ចចរចា អនុវត្តតាមផែនការបទឈប់បាញ់មួយរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ជំនួសឱ្យការបន្តកិច្ចរចាបន្ថែមទៀត ខណៈប្រជាជនប៉ាឡេស្ទីនកំពុងភៀសខ្លួនគេចចេញពីប្រតិបត្តិការយោធាថ្មីមួយរបស់អ៉ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការទាមទារខាងលើរបស់ក្រុមហាម៉ាស កើតមានឡើង ចំពេលក្រុមអ្នកសម្របសម្រួលកិច្ចចរចាមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប បានអញ្ជើញអ៉ីស្រាអែល និងហាម៉ាស ចូលរួមក្នុងកិច្ចចរចាសាជាថ្មី ដើម្បីបន្តស្វែងរកបទឈប់បាញ់បិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង១០ខែមកនេះ។ ខាងអ៉ីស្រាអែលបានទទួលយកការអញ្ជើញនេះហើយ សម្រាប់ កិច្ចចរចាជុំថ្មីដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែ ក្រុមហាម៉ាសបាននិយាយថាខ្លួនចង់ឱ្យមានការអនុវត្តតាមផែនការបទឈប់បាញ់របស់លោក ចូ បៃដិន តែម្ដង ពោលមិនចាំបាច់រៀបចំកិច្ចចរចាបន្ថែម ឬការដាក់សំណើថ្មីណាមួយទៀតនោះទេ។

គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីថ្ងៃទី៣១ ខែឧសភា ប្រកាសពីផែនការបទឈប់បាញ់មួយ ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ហើយផែនការនេះក៏ទទួលបានការអនុម័តពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ នៅក្រោមផែនការនេះ លោក បៃដិន បានចែកចេញជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺតម្រូវឱ្យមានបទឈប់បាញ់ រយៈពេល ៦សប្ដាហ៍ ជាពេលដែលអ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ទីប្រជុំជន ទាំងអស់នៃតំបន់ហ្កាហ្សា ហើយចំណាប់ខ្មាំងមួយចំនួន ជាពិសេសមនុស្សចាស់ និងស្ត្រីនឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល។

ដំណាក់កាលទី២ ក្រុមហាម៉ាស និងអ៉ីស្រាអែលនឹងបើកកិច្ចចរចាស្ដីពីលក្ខខណ្ឌ នៃបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ ដោយក្នុងនោះបទឈប់បាញ់បណ្ដោះអាសន្ន នឹងត្រូវបានបន្ត សុពលភាព ដរាបណាកិច្ចចរចាបន្តធ្វើឡើង។ នៅដំណាក់កាលទី៣ វិញ នឹងរួមបញ្ចូលទាំងផែនការដ៏ធំមួយដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ៕