(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិនគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្នូររបស់ជាតិ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស្ដីទីអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងការបរទេសចិន នៅក្នុងកិច្ចសន្ទនានោះដែរ លោក វ៉ាង យី បានលើកឡើងជាថ្មីពីការថ្កោលទោសរបស់ទីក្រុងប៉េកាំង ​ចំពោះការវាយប្រហារសម្លាប់មេដឹកនាំ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ជាមួយការបញ្ជាក់ថាការវាយប្រហារនេះបានរំលោភលើអធិបតេយ្យ របស់អ៉ីរ៉ង់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។

ក្រសួងការបរទេសចិនបានបន្ថែមទៀតថា លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ស្ដីទី លោក Ali Bagheri Kani ថាការសម្លាប់លោក Haniyeh បានបំផ្លាញដោយ ផ្ទាល់ដល់កិច្ចចរចាស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា ព្រមទាំងបំផ្លាញស្ថិរភាព និងសន្តិសុខក្នុងតំបន់។ «ចិនគាំទ្រអ៉ីរ៉ង់នៅក្នុងកិច្ចការ ការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្លៃថ្នូររបស់ជាតិ អនុលោមតាមច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ នេះជាការលើកឡើងរបស់លោក វ៉ាង យី ដោយបន្ថែមថាចិនត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។

អ៉ីរ៉ង់ និងក្រុមហាម៉ាស បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Ismail Haniyeh តែអ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ។ ព្រមពេលជាមួយគ្នា អ៉ីរ៉ង់បានគំរាមថានឹងសងសឹកអ៉ីស្រាអែលវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានតែងតាំងលោក Abbas Araqchi ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ អ៉ីរ៉ង់។ លោក Araqchi ធ្លាប់កាន់តំណែងជាប្រធានក្រុមអ្នកចរចារបស់អ៉ីរ៉ង់ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយលោកខាងលិច ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១៕