(កៀវ)៖ កងទ័ពរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា បានទទួលស្គាល់ថាកងទ័ពអ៊ុយក្រែនពិតជាបានវាយទម្លុះចូលជ្រៅក្នុងតំបន់ Kursk នៅក្នុងប្រតិបត្តិការវាយលុកមួយដែល មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់និយាយថាមានគោលដៅបង្កអស្ថិរភាពក្នុងប្រទេសរុស្ស៉ី និងដាក់សម្ពាធលើកងកម្លាំងសត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនខាងលើដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតក្នុងការវាយលុក ហើយគោលដៅ នោះគឺដាក់ សម្ពាធលើទីតាំងរបស់សត្រូវ ដើម្បីបង្កការខាតបង់ជាអតិបរមា និងបង្កអស្ថិរភាពនៅក្នុងប្រទេសរុស្ស៉ី ខណៈពួកគេ (រុស្ស៉ី) មិនអាចការពារតំបន់ព្រំដែនរបស់ពួកគេបាន»

ការវាយឆ្មក់របស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី ដែលឥលូវនេះបានចូលដល់ថ្ងៃទី៦ហើយ ទំនងជាធ្វើឱ្យរុស្ស៉ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមូស្គូបានដាក់ពង្រាយកងទ័ពបម្រុង រថក្រោះ យន្ដហោះ កាំភ្លើងធំ និងដ្រូន ដើម្បីបង្រ្កាបលើវាយឆ្មក់នេះ។ កងទ័ពរុស្ស៉ីកាលពីថ្ងៃអាទិត្យ ក៏ហាក់បានសារភាពដែរថាកងទ័ពអ៊ុយក្រែនពិតជាបានវាយទម្លុះចូលទឹកដីរុស្ស៉ីមែន ហើយ នៅទីតាំងខ្លះនៃតំបន់ Kursk កងទ័ពអ៊ុយក្រែនបានវាយចូលជ្រៅដល់ទៅ៣០គីឡូម៉ែត្រ។ កងទ័ពអ៊ុយក្រែនត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្បែរភូមិ Tolpino និង Obshchy Kolodez ដែលស្ថិតនៅចម្ងាយប្រហែលពី២៥ ទៅ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី-អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាអ៊ុយក្រែនបានប្រើប្រាស់កងទ័ពជាង១០០០នាក់ ដើម្បីធ្វើប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ី។ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែនថា ការវាយតម្លៃនេះ គឺជាការមើលស្រាលស្ថានការណ៍ ដោយបញ្ជាក់ថាកងទ័ពអ៊ុយក្រែនដែលកំពុងវាយលុកមានចំនួនច្រើនជាងនេះ៕