(ស៊ីដនី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់លើដំបូលសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Cairns ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ ស្ថិតនៅភាគខាងជើងនៃប្រទេស ដោយសម្លាប់មនុស្សពីឡុតម្នាក់ និងបង្ខំឱ្យមានការជម្លៀសភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររាប់រយនាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គភាពប៉ូលិសក្នុងរដ្ឋ Queensland បានបញ្ជាក់ថាក្រុមអ្នកសង្រ្គោះបន្ទាន់បានទទួលការហៅទូរស័ព្ទ នៅម៉ោងប្រហែលជា ២រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែសីហានេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ទៅបុកទង្គិចនឹងដំបូលសណ្ឋាគារ បណ្ដាលឱ្យមានភ្លើងឆាបឆេះនៅលើដំបូល និងបង្ខំឱ្យ មានការជម្លៀសមនុស្ស។

តាមសេចក្ដីថ្លែងការណ៍ដដែល ពីឡុតម្នាក់ដែលបញ្ជា និងជិះនៅលើឧទ្ធម្ភាគចក្រខាងលើតែម្នាក់ឯងត្រូវបានរាយការណ៍ថាបានស្លាប់នៅកន្លែងកើតហេតុ ហើយមិនមាន នរណាផ្សេងរងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែក មូលហេតុធ្លាក់វិញកំពុងស្ថិតនៅក្រោមការស៊ើបអង្កើត៕