(កៀវ)៖ ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ និងឪពុករបស់គាត់បានស្លាប់ ខណៈមនុស្ស ៣នាក់ផ្សេងទៀតបានរងរបួសនៅតំបន់កៀវ នៅព្រឹកថ្ងៃអាទិត្យ ដោយសារការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី នេះបើយោងតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
រដ្ឋបាលយោធាតំបន់កៀវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះឯកជនចំនួនពីរខ្នងត្រូវបានបំផ្លាញ និងផ្ទះចំនួនប្រាំមួយខ្នងផ្សេងទៀតត្រូវបានខូចខាតនៅក្នុងតំបន់កៀវ ដោយសារកំទេចកំទីនៃគ្រាប់ផ្លោង។ ទោះជាយ៉ាងណាក៏ដោយ មិនមានការវាយប្រហារដោយផ្ទាល់ទៅលើលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ។
កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីល Shahed ចំនួន ៥៧ គ្រាប់ និងមីស៊ីលផ្លោងចំនួនបួនគ្រាប់ទៅកាន់អ៊ុយក្រែនក្នុងអំឡុងពេលនៃការវាយប្រហារ នេះបើយោងតាមកងទ័ពអាកាសអ៊ុយក្រែន។
ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញដ្រូនចំនួន ៥៣ គ្រឿងនៅទូទាំង ១១ តំបន់។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរអ៊ុយក្រែន កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលជាង ៣០គ្រាប់ និងគ្រាប់បែកដឹកនាំតាមអាកាសជាង ៨០០គ្រាប់ ទៅកាន់អ៊ុយក្រែនក្នុងសប្តាហ៍នេះ៕