(ម៉ានីល)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានថ្កោលទោសចំពោះ អ្វីដែលរូបលោកបានហៅថា ជាសកម្មភាពខុសច្បាប់និងធ្វេសប្រហែល របស់កងទ័ពអាកាសចិនក្នុងសប្តាហ៍នេះ ធ្វើដាក់មកលើយន្តហោះយោធាហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹកមានជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។
យោងតាមយោធាហ្វីលីពីន យន្តហោះចម្បាំង២គ្រឿងរបស់កងទ័ពអាកាសចិន បានធ្វើសកម្មភាពហោះហើរក្នុងលក្ខណៈគ្រោះថ្នាក់ ហើយបានទម្លាក់ផ្កាភ្លើងមកលើគន្លងផ្លូវហោះហើរ របស់យន្តហោះដឹកជញ្ជូនប្រភេទ NC-212i របស់កងទ័ពអាកាសហ្វីលីពីន ដែលបានធ្វើប្រតិបត្តិការល្បាត ក្នុងដែនអាកាស នៃតំបន់ Scarborough Shoal កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
លោក Marcos បានចោទប្រកាន់ថា សកម្មភាពរបស់យោធាចិន បង្កហានិភ័យដល់អាយុជីវិតក្រុមការងារយន្តហោះហ្វីលីពីន ប៉ុន្តែលោកបានបញ្ជាក់ថា យន្តហោះល្បាតនោះ បានវិលត្រឡប់មកដល់មូលដ្ឋានវិញ ដោយសុវត្ថិភាព។ លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា ទង្វើរបស់ចិនគឺមិនសមហេតុផល ខុសច្បាប់ និងធ្វេសប្រហែល ជាពិសេសស្របពេលដែល យន្តហោះកងទ័ពអាកាសហ្វីលីពីន កំពុងតែធ្វើប្រតិបត្តិការរក្សាសន្តិសុខដែនសមុទ្រ ជាប្រចាំរបស់ខ្លួន នៅក្នុងដែនអាកាសអធិបតេយ្យរបស់ហ្វីលីពីនផ្ទាល់។
ដោយឡែក ខាងចិនវិញបានចេញមុខការពារសកម្មភាពរបស់ខ្លួន ដោយនិយាយថា យោធាចិនបានចាត់ចែងកងកម្លាំងជើងទឹក និងជើងអាកាស ដើម្បីបណ្តេញយន្តហោះយោធាហ្វីលីពីន ដោយស្របច្បាប់ បន្ទាប់ពីបានផ្តល់ ការព្រមានម្តងហើយម្តងទៀត ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនមានសិទ្ធិអធិបតេយ្យមិនអាចប្រកែកបានដាច់ខាត លើកោះ Huangyan និងដែនទឹកជុំវិញនោះ គឺចង់សំដៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។
គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ គឺជាឧប្បត្តិហេតុថ្មីចុងក្រោយបង្អស់មួយទៀត នៃការប្រឈមមុខគ្នាដែលកាន់តែតានតឹងខ្លាំងឡើងៗ រវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង ពាក់ព័ន្ធតំបន់មានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង៕