(កៀវ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងប្រតិបត្តិការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។
លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំទទួលបានរបាយការណ៍មួយចំនួន ពីប្រមុខកងទ័ពលោក Oleksandr Syrskyi ពាក់ព័ន្ធស្ថានការណ៍សមរភូមិមុខ ព្រមទាំងសកម្មភាពរបស់យើង ក្នុងការរុញច្រានសង្រ្គាម ចូលទៅក្នុងទឹកដីរបស់ប្រទេសឈ្លានពាន»។ លោក ហ្សេលេនស្គី បានបន្តថា «អ៊ុយក្រែនកំពុងស្តែងឱ្យឃើញថា ខ្លួនពិតជាមានសមត្ថភាពស្តារយុត្តិធម៌ ហើយធានាការដាក់សម្ពាធដែលចាំបាច់ តបតទៅលើប្រទេសឈ្លានពានវិញ»។
គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជិត១សប្តាហ៍មកហើយ ដែលកងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តប្រយុទ្ធទប់ទល់ ការវាយលុកតាមថ្មើរជើងធំបំផុតរបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីនៃប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាម បានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ឆ្លើយតបស្ថានការណ៍នេះ រុស្ស៉ីបានពង្រឹងសន្តិសុខជាខ្លាំង នៅតំបន់ព្រំដែនចំនួន៣ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានហៅការវាយលុករបស់អ៊ុយក្រែន ជាសកម្មភាពបង្កហេតុដ៏ធំមួយ។
គួរបញ្ជាក់ថា បើតាមប្រមុខកងទ័ពរុស្ស៉ី ការវាយលុករបស់អ៊ុយក្រែន ត្រូវបានរារាំង ប៉ុន្តែកងកម្លាំងរបស់រុស្ស៉ី មិនទាន់អាចវាយបណ្តេញ កងកម្លាំងរបស់អ៊ុយក្រែន ឱ្យចេញពីផុតព្រំដែនវិញ នៅឡើយ។ រីឯ បើតាមអ្នកតាមដានយោធារុស្ស៉ី ស្ថានការណ៍ទល់ពេលនេះ គឺមានស្ថិរភាព ក្រោយការបញ្ជូនកងកម្លាំងជំនួយរបស់រុស្ស៉ី ប៉ុន្តែខាងអ៊ុយក្រែនក៏បានប្រមូលផ្តុំកម្លាំង យ៉ាងឆាប់រហ័សផងដែរ។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ ត្រូវបានរាយការណ៍ថា កើតឡើងនៅទីតាំងជ្រៅ រហូតដល់២០គីឡូម៉ែត្រ ចូលក្នុងតំបន់ Kursk របស់រុស្ស៉ី ជាហេតុបង្កឱ្យមានមតិមួយចំនួនចោទជាសំណួរថា ហេតុអ្វីបានជាអ៊ុយក្រែនមានឱកាស វាយទម្លុះចូលតំបន់ Kursk បានយ៉ាងងាយបែបនេះ៕