(ដាក្កា)៖ មេដឹកនាំមួយរូបនៃចលនាបាតុកម្មនិស្សិត ដែលឥឡូវស្ថិតក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស បាននិយាយនាចុងសប្តាហ៍នេះថា អតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ចាំបាច់ត្រូវតែប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ នៅពេលត្រឡប់ចូលស្រុកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។
លោក Nahid Islam ដែលមានតួនាទីជាទីប្រឹក្សា ពោលគឺស្មើនឹងរដ្ឋមន្រ្តីម្នាក់ នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ហេតុអ្វី លោកស្រីរត់ភៀសខ្លួនចេញពីប្រទេស។ ពួកយើងនឹងស្វែងរកយុត្តិធម៌ សម្រាប់ការសម្លាប់នានា ដែលបានកើតឡើងអំឡុងអាណត្តិកាន់អំណាចរបស់លោកស្រី។ ទោះបីលោកស្រី មិនត្រឡប់មកវិញក៏ដោយ ពួកយើងនឹងធ្វើការដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ»។ រីឯមេដឹកនាំចលនាបាតុកម្មម្នាក់ទៀត គឺលោក Abu Baker Mojumder ក៏បាននិយាយដែរថា ពួកគេចង់ឱ្យលោកស្រី Hasina ត្រឡប់ចូលស្រុកវិញ ហើយប្រឈមមុខនឹង ការជំនុំជម្រះទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា មនុស្សសរុបប្រមាណ៣០០នាក់ ដែលភាគច្រើនជានិស្សិត ត្រូវបានសម្លាប់ អំឡុងសកម្មភាពបាតុកម្មតវ៉ា ដែលបានផ្ទុះឡើង កាលពីខែកក្កដា។ ដំបូងឡើយការទាមទារតវ៉ា បានផ្តោតទៅលើ ការប្រឆាំងប្រព័ន្ធកូតាការងាររដ្ឋ ហើយក្រោយមកក៏ក្លាយជាបាតុកម្មយ៉ាងហិង្សា ដែលបង្ខំឱ្យលោកស្រី Sheikh Hasina ត្រូវភៀសខ្លួនចេញពីប្រទេស និងលាលែងពីតំណែង បន្ទាប់ពីលោកស្រី បានគ្រប់គ្រងបង់ក្លាដែស សម្រាប់រយៈពេល២០ឆ្នាំ ក្នុងចំណោម៣០ឆ្នាំ ចុងក្រោយនេះ។
លោក Sajeeb Wazed Joy ដែលត្រូវជាកូនប្រុសរបស់លោកស្រី Hasina បានអះអាងថា លោកស្រីនឹងវិលត្រឡប់ពីប្រទេសឥណ្ឌា ជាទីដែលលោកស្រីកំពុងជ្រកកោន ទៅកាន់បង់ក្លាដែសវិញ នៅពេលការបោះឆ្នោតសកលថ្មី ត្រូវបានប្រកាស។ រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមការដឹកនាំរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ជាមួយភារកិច្ចចម្បង គឺរៀបចំចាត់ចែងឱ្យមានការបោះឆ្នោតសកលថ្មី។ ខាងបក្សប្រឆាំងបានទាមទារថា ការបោះឆ្នោតគួរតែធ្វើឡើង ក្នុងរយៈពេល៣ខែ៕