(វ៉ាស៊ីនតោន)៖ ការកាត់បន្ថយវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្វែរការផ្តោតទៅលើចិន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពភូមិសាស្ត្រនយោបាយកំពូលៗ របស់លោកប្រធានាធិបតី ចូ បៃដិន។ ក៏ប៉ុន្តែ ការដោះដៃចេញពីតំបន់មួយនេះមានភាពលំបាកលំបិនខ្លាំងជាងអ្វីដែលលោក បៃដិន ប្រហែលជាធ្លាប់បានគិត។ ខណៈមានការព្រួយបារម្ភ ជាច្រើនពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ មូលហេតុនៅពីក្រោយភាពតានតឹងនៅមជ្ឈិមបូព៌ា ត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាមានជាប់ពាក់ព័ន្ធដោយប្រយោលនឹងការប្រកួតប្រជែងរវាង សហរដ្ឋអាមេរិក និងចិន។
តាមក្រុមអ្នកវិភាគ ការផ្លាស់ប្ដូរការផ្តោតរបស់សហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់តំបន់អាស៊ីខាងកើត បានកែប្រែការគិតជាយុទ្ធសាស្ត្ររបស់អ៉ីរ៉ង់ ស្របពេលការឆ្លើយតបរបស់ ទីក្រុងប៉េកាំង ទៅនឹងការកើនឡើងការប្រជែងគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន បានក្លាយទៅជាការបង្កើនការគាំទ្ររបស់ចិនចំពោះទីក្រុងតេហេរ៉ង់។ ស្ថានការណ៍វិវត្តន៍ទាំង២នេះ ហើយ បានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលក្នុងស្ថានការណ៍ប្រែប្រួលភ្លាមៗ ពោរពេញដោយភាពតានតឹងដែលងាយនឹងផ្ទុះទៅជាសង្រ្គាមបានគ្រប់ពេល។ ភាពមិនច្បាស់លាស់ និងការប្រកាស ជាប្រចាំរបស់សហរដ្ឋអាមេរិកថាការប្រជែងជាមួយចិនជាអាទិភាពយុទ្ធសាស្ត្រកំពូលរបស់ខ្លួន ទំនងជាបានធ្វើឱ្យថ្នាក់ដឹកនាំអ៉ីរ៉ង់ធ្វើការសន្និដ្ឋានថាសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ន មាន ការស្ទាក់ស្ទើរនៅក្នុងការធ្វើអន្តរាគមន៍ក្នុងជម្លោះយោធាដោយផ្ទាល់ជាមួយអ៉ីរ៉ង់។
ដោយហេតុថាសង្រ្គាមជាមួយអ៉ីរ៉ង់ អាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវបង្វែរកងទ័ព និងធនធាន ព្រមទាំងការផ្តោតអារម្មណ៍ចេញឆ្ងាយពីចិន។ សង្រ្គាមអ៊ុយក្រែន ក៏ដូចជាភាពតានតឹងរវាង សហរដ្ឋអាមេរិក និងរុស្ស៉ី ក៏កំពុងធ្វើឱ្យអ៉ីរ៉ង់ឡើងចាងផងដែរ។ ម្យ៉ាងវិញទៀត ខណៈការប្រជែងគ្នាកាន់តែខ្លាំងរវាងអាមេរិក និងចិន បានរឹតត្បិតសេរីភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើ សកម្មភាពនៅមជ្ឈិមបូព៌ា អ៉ីរ៉ង់អាចមានអារម្មណ៍ថាខ្លួនអាចពើងទ្រូងកាន់តែខ្លាំង ដោយមិនចាំបាច់ត្រូវបារម្ភពីការខឹងសម្បារណាមួយពីសហរដ្ឋអាមេរិកនោះទេ។ ផលវិបាកភ្លាមៗដែលកើត ចេញពីផ្នត់គំនិតថ្មីបែបនេះរបស់អ៉ីរ៉ង់ បានលេចចេញជារូបរាងនៅបន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ មិនមាន ភស្តុតាងអាចបញ្ជាក់បានថាអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការវាយប្រហាររបស់ក្រុមហាម៉ាសនោះទេ។ ប៉ុន្តែ ការធ្វើសកម្មភាពយោធារបស់ក្រុមហេសបូឡា នៅលីបង់ និងក្រុមហ៊ូទី នៅយេម៉ែនប្រឆាំងនឹងអ៉ីស្រាអែល ប្រហែលជានឹងមិនកើតឡើងនោះទេ បើគ្មានការយល់ព្រមពីអ៉ីរ៉ង់។
ការកើនឡើងការគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតរបស់ចិន ក៏បានក្លាយជាការជំរុញលើកទឹកចិត្តដ៏ធំដល់អ៉ីរ៉ង់ដែរ។ កាលពីខែមីនា ឆ្នាំ២០២១ ប៉េកាំង និងតេហេរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមួយ ក្នុងទំហំទឹកប្រាក់ ៤០០ពាន់លានដុល្លារ ក្នុងរយៈពេល២៥ឆ្នាំ។ ចិនសព្វថ្ងៃបានក្លាយជាម៉ូយទិញប្រេងដ៏ធំពីអ៉ីរ៉ង់ ដែលបានផ្ដល់ខ្យល់ដកដង្ហើម ដល់សេដ្ឋកិច្ចអ៉ីរ៉ង់ដែលកំពុងជាប់ទណ្ឌកម្មអាមេរិក។ ចំណែក កិច្ចសហប្រតិបត្តិការយោធារវាងចិន និងអ៉ីរ៉ង់វិញបានឈានដល់កម្រិតខ្ពស់ថ្មីមួយ ដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេស ទាំង២ បានផ្លាស់ប្ដូរការធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក បូករួមទាំងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅក្បែរអ៉ីរ៉ង់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។
ដោយឡែក និយាយពីការទូតវិញ ចិនបានសហការជាមួយរុស្ស៉ី ដើម្បីធ្វើជាខែលការពារអ៉ីរ៉ង់ពីទណ្ឌកម្មនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មកទល់នឹងឥលូវ ចិនហាក់ដូចជា ទទួលបានផលចំណេញគួរឱ្យកត់សម្គាល់ពីភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា។ បានន័យថា ដោយសារតែការប្ដេជ្ញាចិត្តចំពោះអ៉ីស្រាអែល វ៉ាស៊ីនតោន បាននិងកំពុងបង្វែរការផ្តោតរបស់ខ្លួន និងធនធានមួយចំនួនទៅកាន់មជ្ឈិមបូព៌ា។ កាលខែមេសាកន្លងទៅ សភាអាមេរិកទាំង២ បានអនុម័តកញ្ចប់ថវិកាទំហំ ១៥ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយយោធាសម្រាប់អ៉ីស្រាអែល។ មន្ទីរបញ្ចកោណ ថែមទាំងបានបញ្ជូនកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់មជ្ឈិមបូព៌ាទៀតផង ចាប់តាំងពីខែតុលា ឆ្នាំមុនមក។ មិនតែប៉ុណ្ណោះ ក្នុងពេលកំពុង ប្រឹងប្រែងការពារកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមពីការវាយប្រហាររបស់ក្រុមហ៊ូទី កងទ័ពជើងទឹកអាមេរិកបានដាក់ពង្រាយកងទ័ពក្នុងចំនួនច្រើនគួរសម និងចាយលុយអស់ជាង ១ពាន់លានដុល្លារទៅហើយក្នុងការប្រើប្រាស់អាវុធទំនើបៗបាញ់ទម្លាក់មីស៊ីល និងដ្រូនមានតម្លៃថោក។
លើសពីនេះទៅទៀត ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ក៏កំពុងជាប់ដៃធ្វើបេសកកម្មការទូតឥតឈប់ឈរផងដែរ ដើម្បីទប់ស្កាត់កុំឱ្យជម្លោះក្នុងតំបន់ទាំងមូលផ្ទុះឡើង។ ដោយឃើញថាអាមេរិក កំពុងចំណាយធនធាន និងជាប់រវល់ពិបាករើខ្លួន ចិនបានចាប់យកឱកាសទាញយកផលប្រយោជន៍ដោយប្រយោលពីការបាត់បង់ជំនឿចិត្តលើលោកខាងលិច ពីក្រុមប្រទេស Global South ដែលបានឃើញកាន់តែច្បាស់ពីស្ដង់ដារ២ ពាក់ព័ន្ធនឹងប្រតិកម្មរបស់លោកខាងលិចចំពោះសង្រ្គាមអ៊ុយក្រែន និងមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។ ក្នុងពេលដែលក្រុមប្រទេស Global South បានក្លាយជាទីលានដ៏សំខាន់មួយនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ការថយចុះការជឿទុកចិត្តលើទីក្រុងវ៉ាស៊ីនតោន ជុំវិញគោលជំហរចំពោះមជ្ឈិមបូព៌ា បានផ្ដល់ភាពងាយស្រួលដល់ប៉េកាំងក្នុងការបញ្ចុះបញ្ចូលបណ្ដាប្រទេសកំពុងអភិវឌ្ឍថាការព្យាយាមរបស់អាមេរិកដើម្បីគ្រប់គ្រងចិន គឺដើម្បីតែផលប្រយោជន៍ និងអនុត្តរភាពរបស់ខ្លួន តែប៉ុណ្ណោះ មិនមែនដើម្បីប្រជាធិបតេយ្យអ្វីនោះទេ។
ដូច្នេះជម្លោះយូរអង្វែងនៅមជ្ឈិមបូព៌ា ផ្ដល់ផលប្រយោជន៍ឱ្យចិនច្រើនជាងសហរដ្ឋអាមេរិក ហើយអ្វីដែលចិនប្រហែលជាចង់ឃើញបំផុត នោះគឺភាពតានតឹងខ្លាំងយូរអង្វែង តែមិនផ្ទុះទៅជា សង្រ្គាមក្នុងតំបន់ទាំងមូលទេ។ ពីព្រោះសង្រ្គាមបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងដែលជាសសៃឈាមសេដ្ឋកិច្ចចិន។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលគិតថាដើម្បីប្រយោជន៍ សេដ្ឋកិច្ចខ្លួនឯងអាចនឹងជំរុញឱ្យចិនដាក់សម្ពាធ ឬបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់អត់ធ្មត់ គួរតែគិតវាឡើងវិញ។ ម្យ៉ាង ចិនមិនមានឥទ្ធិពលគ្រប់គ្រាន់លើអ៉ីរ៉ង់នៅក្នុងវិបត្តិសព្វថ្ងៃនេះទេ ហើយ កាន់តែពិសេសទៅទៀត ប៉េកាំងអាចនឹងបើកភ្នែកម្ខាង បិទភ្នែកម្ខាង ក្នុងការជួយបន្ធូរបន្ថយភាពតានតឹង ដរាបណាចិននៅតែយល់ថាវិបត្តិនៅមជ្ឈិមបូព៌ា ផ្ដល់គុណសម្បត្តិយុទ្ធសាស្ត្រ រយៈពេលវែងសម្រាប់ចិនច្រើនជាងសហរដ្ឋអាមេរិក៕