(ណៃពិដោ)៖ សាក្សីនិយាយថា ការវាយប្រហារដោយយន្តហោះដ្រូន បណ្តាលឱ្យស្លាប់ជនជាតិរ៉ូហ៉ីងយ៉ាជាច្រើននាក់ ខណៈពួកគេកំពុងរង់ចាំឆ្លងព្រំដែនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ ២០២៤។

តាមសាក្សី ៤នាក់ ក្រុមសកម្មជន និងអ្នកការទូត ការវាយប្រហារនោះបានកើតឡើង កាលពីថ្ងៃចន្ទដើមសប្តាហ៍ ដោយត្រូវចំគ្រួសារជាច្រើន រួមទាំងអ្នកដែលមានកូនតូចៗផងដែរ។ សាក្សី ៣នាក់ បានប្រាប់ Reuters កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ជាស្នាដៃរបស់កងទ័ព Arakan ប៉ុន្តែក្រុមនេះបានបដិសេធ។ ក្រុមចលនាតស៊ូប្រដាប់អាវុធ និងយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសគ្នាទៅវិញទៅមក។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេថា តើមានមនុស្សចំនួនប៉ុន្មាននាក់ស្លាប់ ឬនរណាជាអ្នកទទួលចំពោះការវាយប្រហារនេះ។

គួរបញ្ជាក់ថា នេះជាការ​វាយ​ប្រហារ​ដ៏​សាហាវបំផុត​ដែលសម្លាប់អាយុជីវិតជនស៉ីវិល នៅក្នុង​រដ្ឋ​រ៉ាឃីន​ អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល​យោធា ​និង​ក្រុម​ចលនាតស៊ូប្រដាប់អាវុធ នៅមីយ៉ាន់ម៉ា៕

=