(ដាក្កា)៖ នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ ក្រុមមន្រ្តីនៃប្រទេសបង់ក្លាដែស បានឱ្យដឹងថា ប្រធានតុលាការកំពូល លោក Obaidul Hassan និងលោក Abdur Rouf Talukder ទេសាភិបាលនៃធនាគារកណ្តាល បានលាលែងពីតំណែង ខណៈការតវ៉ារបស់និស្សិតដែលបានបង្ខំឱ្យអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ភៀសខ្លួនចេញពីប្រទេសនោះ កាន់តែរាលដាលដោយដាក់គោលដៅទៅលើមន្ត្រីជាច្រើនទៀតដែលត្រូវបានតែងតាំងក្នុងពេលលោកស្រីនៅដឹកនាំប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមមន្ត្រីច្បាប់មួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Hassan បានលាលែងពីតំណែង បន្ទាប់ពីមានការព្រមានពីនិស្សិតអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើគលោកមិនព្រមលាលែងទេនោះ។ ដោយឡែក ទីប្រឹក្សាក្រសួងហិរញ្ញវត្ថុ លោក Salehuddin Ahmed បានប្រាប់អ្នកយកព័ត៌មានថា លោន Talukder ក៏បានលាលែងពីតំណែងផងដែរ ប៉ុន្តែការលាលែងពីតំណែងនោះ នៅមិនត្រូវបានទទួលយកជាផ្លូវការទេ។ Reuters មិនអាចទាក់ទងសុំការបញ្ជាក់បានទេពីលោក Talukder និងលោក Hassan។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ អនុប្រធាន ៤រូបនៃធនាគារកណ្តាល ត្រូវបានបង្ខំឱ្យលាលែងពីតំណែងពីសំណាក់មន្ត្រីធនាគារពី ៣០០ទៅ ៤០០នាក់ ដោយចោទប្រកាន់ពួកគេពីបទពុករលួយ៕