(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថាជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។
កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន កើនដល់ ៥៥.៦ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២២មក៕