(អត្ថបទវិភាគ)៖ អ៊ុយក្រែន ត្រូវគេរាយការណ៍ថា កំពុងប្រើយុទ្ធវិធីថ្មីមួយដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាម។ វិធីថ្មីនេះត្រូវបានចាប់ផ្តើមក្នុង សប្តាហ៍នេះ ជាមួយការបញ្ជួនកម្លាំងរបស់ខ្លួន វាយចូលក្នុងទឹកដី រុស្ស៊ីជាលើកដំបូង ខណៈការវាយលុកនេះ ត្រូវបានគេចាត់ទុកថា ជាទង្វើការពារខ្លួន។ តើយុទ្ធវិធីថ្មីនោះ នឹងជួយកែស្ថានការណ៍សមរភូមិបានដែរឬទេ? លោកម៉ារ យ៉ារិទ្ធិ មានអត្ថបទវិភាគ ក្រោមចំណងជើងថា «ហេតុអ្វីបានជា អ៊ុយក្រែន ហ៊ានប្រើកម្លាំងថ្មើរជើងវាយឆ្លងដែនចូលក្នុង ទឹកដីរុស្ស៊ី»?

នៅពេលដែលអ៊ុយក្រែនបានបើកការវាយលុករបស់ខ្លួនចូលក្នុងទឹកដីរុស្ស៊ីក្នុងខេត្ត Kursk ដែលជាខេត្តជាប់នឹងព្រំដែននៃប្រទេសទាំង២នោះ មានសំណួរបានដាក់ចេញមកដោយការ ចង់ដឹងថា «ហេតុអ្វី?» ខណៈកងកម្លាំងអ៊ុយក្រែនហាក់ដូចជាកំពុងរងសម្ពាធរបស់ខ្លួនក្នុង សមរភូមិប្រយុទ្ធភាគខាងកើតទៅហើយនោះ?

បញ្ហាដ៏ធំបំផុតមួយនៃចំណោទរបស់អ៊ុយក្រែនចំពោះមុខនេះ គឺកម្លាំងប្រយុទ្ធ ពីព្រោះរុស្ស៊ី មានកម្លាំងទាហានប្រយុទ្ធរបស់ខ្លួនច្រើនជាងអ៊ុយក្រែន និងម្យ៉ាងទៀតនៅលើសមរភូមិប្រ យុទ្ធនោះផងដែរ សេចក្តីរាយការណ៍បង្ហាញថា រុស្ស៊ីមានប្រៀបលើការប្រយុទ្ធរបស់ខ្លួនដែល ពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាការវាយរុលទៅមុខមិនបានច្រើន ប៉ុន្តែកម្លាំងរុស្ស៊ីបានដណ្តើមដី ម្តងបន្តិចៗគួរឱ្យកត់សម្គាល់។ ដូច្នេះការដែលអ៊ុយក្រែន បញ្ជួនកម្លាំងជាច្រើនរយនាក់ ចូលទៅវាយប្រហារក្នុងតំបន់នៃខេត្ត Kursk ក្នុងស្ថានភាពបែបនេះ វាពិតជាស្ថិតក្នុងល្បិចកលយុទ្ធណាមួយជាក់ជាមិនខានឡើយ។

ការវាយប្រហារដាក់លើតំបន់ក្នុងខេត្ត Kursk បង្កភាពភ្ញាក់ផ្អើល កងកម្លាំងអ៊ុយក្រែនត្រូ វគេរាយការណ៍ជុំវិញការបង្កើនការ វាយប្រហារចូលទៅក្នុងតំបន់នៃ ខេត្ត Kursk នៃទឹកដីរបស់ប្រទេសរុស្ស៊ី ដែលទង្វើវាយលុកឆ្លងកាត់ព្រំដែននេះ បានធ្វើឱ្យមាន ក្តីភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសពីមន្ត្រីអាមេរិក។ ការវាយប្រហារនោះ បានចាប់ផ្តើមតាំងពីថ្ងៃ អង្គារ៍សប្តាហ៍នេះមក។ កងកម្លាំងអ៊ុយក្រែនទាំងនោះ មានសមាសភាពចម្រុះនៃអង្គភាពប្រតិបត្តិការពិសេសនិងទៀងទាត់ ដែលមិនដូចជាប្រតិបត្តិការអ៊ុយក្រែនពីមុននៅលើទឹកដីរុស្ស៊ី ដែលធ្លាប់តែធ្វើក្នុងសភាព លាក់មុខលាក់ក្រោយ ឬតាមរយៈក្រុមប្រយុទ្ធដទៃខ្លះដែលជាអ្នកជួយឈឺឆ្អាលនៅក្នុងស្រុក នោះឡើយ។

គោលបំណងវាយប្រហារនៅក្នុងតំបន់ Kursk នោះ ត្រូវគេឃើញថា មានរូបភាពចម្រុះ ដែលមួយផ្នែកដើម្បីបង្អាក់ឆាឆៅកងកម្លាំងរុស្ស៊ី, មួយផ្នែកបំបាក់ទឹកចិត្តស្មារតីរបស់ទាហានរុស្ស៊ី និងមួយផ្នែកទៀត ក្នុងបំណងបង្វែរទិសដៅកងកម្លាំងរុស្ស៊ី ឱ្យងាកចេញពីសមរភូមិដទៃនៃរណសិរ្សភាគខាងកើត។ មន្ត្រី​អាមេរិក និយាយថា តាមរយៈយុទ្ធសាស្ត្រនេះ អ៊ុយក្រែន​មិនមាន​បំណង​កាន់កាប់​ទឹកដី​រុស្ស៊ី ក្នុង​រយៈពេល​យូរ​នោះទេ។

រុស្ស៊ីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី៨សីហាថា គេបានបណ្តេញទាហានអ៊ុយក្រែនដែលចូលលុកលុយក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែក្រោយមក បាននិយាយកែមកវិញថា ការប្រយុទ្ធមួយចំនួនកំពុងតែបន្តនៅក្នុងតំបន់ Kursk នៅលើទឹកដីរុស្ស៊ីនោះជាដដែល ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អង្គភាពនៃកងកម្លាំងក្រុម "ខាងជើង" របស់ខ្លួន រួមជាមួយនឹងសេវាសន្តិសុខសហព័ន្ធ FSB របស់រុស្ស៊ីកំពុង "បន្តបំផ្លាញការពង្រឹងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងស្រុកសាត់ហ្សិនស្គី Sudzhensky និងស្រុក ខូរីនីវស្គី Korenevsky នៃ ខេត្ត Kursk ដែលស្ថិតជាប់នៅតំបន់​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែនដោយ​ផ្ទាល់»។ ប៉ុន្តែសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលប្រកាសថាបានបណ្តេញកងទ័ពអ៊ុយ ក្រែនចេញទៅវិញនោះ ត្រូវបានតវ៉ាដោយអ្នកស្រុករុស្ស៊ីនៅទីនោះដែលបញ្ជាក់ថា ស្ថានភាពជាក់ស្តែង បានខុសទាំងស្រុងនឹងអ្វីដែលក្រសួងការពារជាតិ បានប្រកាស ដោយសារការប្រយុទ្ធនៅតែបន្តមានយ៉ាងខ្លាំងក្លា។

ក្រសួង​សុខាភិបាល​រុស្ស៊ី​និយាយ​ថា មានមនុស្ស​៦៦​នាក់​ក្នុង​នោះ​រួមមាន​កុមារ​៩​នាក់​ បាន​រង​របួស​ ក្នុង​អំពើ​បាញ់​ផ្លោង​របស់​អ៊ុយក្រែន​ដាក់នៅក្នុង​តំបន់ Kursk ចាប់តាំង​ពី​ថ្ងៃ​អង្គារ​ទី៦សីហានោះមក។

ទីភ្នាក់ងារស៊ីអិនអិន បានរាយការណ៍ថាប្រជាជនរុស្សីក្នុងតំបន់នោះបានត្អូញត្អែរថា មិនមានការរៀបចំបានត្រឹមត្រូវក្នុងការជម្លៀសមនុស្ស ចេញពីតំបន់គ្រោះថ្នាក់នោះឡើយ។ ប្រជាជន រុស្ស៊ីនៅទីនោះ បាននិយាយថា អំពើលុកលុយរបស់អ៊ុយក្រែនដែលគេមិននឹកស្មានដល់ ស្រាប់ តែកើតឡើងភ្លាមៗ ដែលបង្ខំចិត្តឱ្យពួកគេត្រូវរត់ចោលផ្ទះសម្បែងដោយគ្មានជាប់ជាមួយនឹង ឥវ៉ាន់ឬរបស់របរខ្លះទៅជាមួយឡើយ ក្នុងហេតុការណ៍កើតឡើងទាំងកណ្តាលយប់។ ស៊ីអិនអិន បានរាយការណ៍ទៀតថា យោងតាមការហៅទូរស័ព្ទ ដែលទទួលបានពីអ្នកស្រុកនៃភូមិម៉ាឡាយ៉ា ឡុកនីយ៉ា Malaya Loknya ក្នុងខេត្ត Kursk, គឺស្ទើរតែប្រមាណ៩០ភាគរយនៃ ភូមិរបស់គេនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

អំពើលុកលុយដោយកងកម្លាំងថ្មើរជើងចូលក្នុងទឹកដីរុស្ស៊ីនេះ ទោះជាយ៉ាងណាក៏ដោយ ក៏មិនមានការបញ្ជាក់ការទទួលខុសត្រូវ ពីកងកម្លាំងយោធាអ៊ុយក្រែន ឬពីរដ្ឋាភិបាលក្រុងគៀវឡើយ។

ការផ្សាយតាមបណ្តាញសង្គម ហូឈូ ណាទី "Hochu Nayti" របស់អ៊ុយក្រែន បង្កើតឡើងដើម្បីផ្តល់ព័ត៌មានអំពីអ្នកទោសសង្គ្រាមរុស្ស៊ី, អំពីបុគ្គលិកយោធាបាត់ខ្លួនឬស្លាប់នៅក្នុង សង្គ្រាមអ៊ុយក្រែន បានថ្លែងថា មានទាហានរុស្ស៊ី "ជាច្រើន" ត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Kursk ក្នុងអំពើលុកលុយឈ្លានពានរបស់ទាហានអ៊ុយក្រែនជាលើកដំបូងនេះ។ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចោទប្រកាន់កងទ័ពអ៊ុយក្រែនថា បានឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ Kursk របស់ខ្លួន ជាមួយនឹងការអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើក "ការវាយប្រហារដ៏ធំ" និងប៉ុនប៉ងទម្លុះខ្សែការពាររុស្ស៊ី។

ទំហំនៃការវាយប្រហារ ឬការចូលកាន់កាប់បានប៉ុណ្ណា ឬមានការខូចខាតតិចឬច្រើននោះនៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការ បញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេពីភាគីអ៊ុយក្រែន។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា «អំពើប៉ុនប៉ងរបស់អង្គភាពប្រយុទ្ធនីមួយៗរបស់អ៊ុយក្រែន ដើម្បីទម្លុះចូលជ្រៅទៅក្នុងទឹកដីនៃទិសដៅស្រុក Kursk កំពុងត្រូវបានរារាំង»

រុស្ស៊ីបានអះអាងថា មានទាហានអ៊ុយក្រែនស្លាប់ច្រើន រហូតដល់ចំនួន ៤០០ នាក់ និងឆេះយន្តពាសដែក៣២គ្រឿង រួមទាំងរថក្រោះមួយ, រថពាសដែក៤ គ្រឿង, យន្តប្រយុទ្ធ ៣ គ្រឿង និងយន្តពាសដែកប្រភេទ Kozak ចំនួន ២៤ គ្រឿង។

ក្រុមឃ្លាំមើលការប្រយុទ្ធដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៃវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បាននិយាយ នៅក្នុងការវាយតម្លៃរបស់ខ្លួនថា «កងកម្លាំងអ៊ុយក្រែនបានបញ្ជាក់នូវការវាយរុលចូលជ្រៅប្រមាណ១០គីឡូម៉ែត្រទៅក្នុងតំបន់ Kursk បើគិតត្រឹមថ្ងៃពុធទី៧សីហា»។ ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការរបស់ខ្លួនលើអំពើលុកលុយ ចូលក្នុងទឹកដីរុស្ស៊ីនោះឡើយ។ ចំណែកក្រុមសម្ព័ន្ធមិត្តរបស់​អ៊ុយក្រែន​ក៏មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះដែរ ក្រៅ តែពីការនិយាយថា អ៊ុយក្រែនមានសិទ្ធិក្នុងការការពារខ្លួន។

អ្នកនាំពាក្យគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Peter Stano បានប្រាប់ទូរទស្សន៍អ៊ុយក្រែន សាស់ស្ពីលញូស៍ Suspilne News ថា យោងទៅតាមច្បាប់អន្តរជាតិ រដ្ឋាភិបាលក្រុង Kyiv «មានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន រួមទាំងសិទ្ធិវាយប្រហារអ្នកឈ្លានពាននៅលើទឹកដីរបស់ពួកគេថែមទៀត»

សេតវិមានត្រូវបានគេរាយការណ៍អំពីភាពភ្ញាក់ផ្អើលនៅពេលបានឃើញភាពវិវត្តន៍នៃស្ថាន ការណ៍នេះ ដោយមន្ត្រីព័ត៌មានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សេតវិមាន មិនបានដឹងរឿងវាយប្រហារនោះជាមុនឡើយ។ មន្ត្រីសេតវិមានដដែលបាននិយាយបន្តថា រដ្ឋបាលលោក Biden នឹងធ្វើការ «ទាក់ទងទៅយោធាអ៊ុយក្រែនដើម្បីស្វែងយល់បន្ថែម អំពីគោលបំណងវាយប្រហាររបស់ពួកគេ» នៅក្នុងទឹកដីរុស្ស៊ីនោះ។ មន្ត្រីសេតវិមានដដែលបានបញ្ជាក់នូវជំហរគាំទ្ររបស់ សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនក្នុង ការប្រយុទ្ធការពារខ្លួនប្រឆាំងអំពើឈ្លានពានរបស់រុស្ស៊ី។

ការវាយប្រហារដោយកម្លាំងថ្មើរជើងអ៊ុយក្រែនចូលលុកលុយលើទឹកដីរុស្ស៊ី ជាលើកដំបូងនេះ បានទន្ទឹមនឹងស្ថានការណ៍ចាញ់ប្រៀប អ៊ុយក្រែន លើសមរភូមិប្រយុទ្ធនាភាគខាងកើតប្រទេស។ កងទ័ពអ៊ុយក្រែន បានមើលឃើញថា ពួកគេបានស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងនៅតាមបណ្តោយជួរមុខសមរភូមិចម្ងាយជាង៩៦៥គីឡូម៉ែត្រ ក្នុងពេលក្រុងម៉ូស្គូ នៅតែបន្តការវាយលុកយឺតៗរបស់ខ្លួន និងបានដណ្តើមកាន់កាប់ទឹកដីជាបន្ថែមទៀត។

កងទ័ពរុស្ស៊ី ថ្មីៗនេះទៀត បានបង្កើនការវាយលុកឆ្ពោះទៅកាន់ទីក្រុងសំខាន់យុទ្ធសាស្ត្រ ផុកក្រូវ Pokrovsk នៅភាគខាងកើតអ៊ុយក្រែន ដោយគំរាមកំហែងដល់ខ្សែផ្គត់ផ្គង់ដ៏សំខាន់ មួយរបស់អ៊ុយក្រែន។ កងកម្លាំងរុស្ស៊ី ក្នុងពេលជាមួយគ្នានេះ បានអះអាងថា គេបានដណ្តើមយកភូមិ Niu York ហើយក៏កំពុងខិតទៅជិតភូមិ Toretsk ថែមទៀត។

ក្រុមអ្នកវិភាគ បានមើលឃើញថាយុទ្ធសាស្ត្រវាយលុករបស់អ៊ុយក្រែនចូលក្នុងទឹកដី Kursk របស់រុស្ស៊ី មិនមែនជាការចង់ចូលកាន់កាប់នៅទីនោះទេ ប៉ុន្តែទំនងនឹងចង់ឱ្យរុស្ស៊ីបង្វែរកង កម្លាំងរបស់ខ្លួនខ្លះចេញពីសមរភូមិភាគខាងកើត។ យុទ្ធសាស្ត្រនេះ គឺស្រដៀងគ្នានឹងយុទ្ធ សាស្ត្រមួយរបស់រុស្ស៊ីនាពេលកន្លងមក ដោយធ្លាប់បានប្រើការវាយលុកដាក់មកលើភាគ ឥសានខេត្ត Kharkiv ក្នុងខែមិថុនាកន្លងមក ដើម្បីបញ្ឆោតឱ្យកម្លាំងអ៊ុយក្រែនត្រូវដក ចេញពីមុខព្រួញខ្លះ នាសមរភូមិភាគខាងកើត ដើម្បីមកទប់ទល់នឹងមុខព្រួញវាយលុកថ្មី នៅខេត្ត Kharkiv។

ហើយយុទ្ធសាស្ត្ររបស់អ៊ុយក្រែនក្នុងការវាយលុក ចូលក្នុងទឹកដី Kursk ក្នុងពេលនេះ ត្រូវគេនិយាយថា ក៏ដោយសារតែបារម្ភនឹងស្ថានការណ៍វាយលុកខ្លាំងរបស់រុស្ស៊ី នៅតំបន់ Sumy ភាគខាងជើងដែលកាន់តែកើនឡើងក្នុងរយៈពេលបីខែបន្តបន្ទាប់មកនេះ។

ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ដើម្បីទប់ទល់ ចំពោះការវាយប្រហារ របស់អ៊ុយក្រែននេះ គេបានដាក់ពង្រាយកម្លាំងកងទ័ពសាឡើងវិញនៅក្នុងក្រុង Sudzha នៃខេត្តKursk នោះ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេសរុស្ស៊ី ​បាន​ហៅ​ការ​វាយ​ប្រហាររបស់អ៊ុយក្រែននោះ​ថា​ជា​ «អំពើ​ព្រៃផ្សៃ» និងចាត់ទុកជា «ក្រុមភេរវករ»

អ្នកវិភាគយោធាម្នាក់គឺលោក Mykhaylo Zhyrokhov បានចាត់ទុកការវាយលុកនេះ គឺជាភស្ថុតាងដែលបង្ហាញប្រាប់ ទៅរុស៊្សីឱ្យបានឃើញនូវមូលហេតុថា តើរុស្ស៊ី​គួរ​បន្ត​ធ្វើ​សង្រ្គាម​របស់​ខ្លួនទៀតដែរទេ ខណៈអំពើឈ្លានពាន នៅតែត្រូវបានចាត់ទុកថា វាជាអំពើការពារខ្លួន ដែរនោះ។ លោកបានថ្លែងបញ្ជាក់ថា វាច្បាស់ណាស់សម្រាប់អ៊ុយក្រែន ប្រសិនបើសង្គ្រាម នៅជាប់គាំង ឬ បើត្រូវរារាំងរុស្ស៊ី ដើម្បីមិនឱ្យបង្កើនការវាយប្រហារដ៏ធំនៅភាគខាងជើងប្រ ទេសនោះ, គឺមានតែប្រតិបត្តិការវាយលុករបៀបនេះតែប៉ុណ្ណោះ ទើបគេនឹងឃើញថាវាមាន តម្លៃ។ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងក្នុងសប្តាហ៍នេះថា «មានតែការគាប សង្កត់ ដាក់ឱ្យកាន់តែខ្លាំងទៅលើអ្នកឈ្លានពានវិញតែប៉ុណ្ណោះ នោះទើបសន្តិភាព នឹងរំកិល កៀកមកជិតវិញ»