(SAO PAULO)៖ ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីប្រេស៊ីល យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង Cascavel នៃរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Sao Paulo ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Vinhedo ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Sao Paulo។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរថាយន្ដហោះធុន ATR-72 បានបាត់បង់ម្ចាស់ការភ្លាមៗ និងបានដាំក្បាលចុះក្រោមធ្លាក់ទៅបុកដើមឈើ មានផ្ទះនៅក្បែរនោះ ហើយក៏ផ្ទុះឆេះតែម្ដង។ តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសផ្សេងទៀតនៅលើដីនោះទេ។

គួរបញ្ជាក់ថា យន្ដហោះ ATR-72 ខាងលើមានដឹកអ្នកដំណើរ ៥៧នាក់ និងអាកាសយាននិក ៤នាក់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់។ រដ្ឋាភិបាលប្រេស៊ីល ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ផងដែរ៕