(ដាកា)៖ ប្រជាជនរាប់រយនាក់ បានចុះផ្លូវតវ៉ានៅរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស កាលពីថ្ងៃសុក្រ ដើម្បីប្រឆាំងនឹងអំពើហិង្សាដែលកំណត់គោលដៅលើជនជាតិភាគតិច Hindu ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ហិង្សាជាបន្តបន្ទាប់ ក្នុងនោះគ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ ផ្ទះ អាជីវកម្ម និងប្រាសាទរបស់ជនជាតិហិណ្ឌូ ក៏ត្រូវបានក្លាយជាគោលដៅវាយប្រហារផងដែរ។
ក្រុមបាតុករ ដែលខ្លះកាន់បដាទាមទារឱ្យ «ជួយសង្គ្រោះ» ជនជាតិភាគតិចនៅបង់ក្លាដែស បានស្រែកពាក្យស្លោក «តើយើងជានរណា? បង់ក្លាដែស បង់ក្លាដែស!» និងអំពាវនាវឱ្យមានសន្តិភាព។
ជនជាតិហិណ្ឌូ ដែលមានប្រហែល ៨% នៃចំនួនប្រជាជនសរុប ១៧០ លាននាក់នៅបង់ក្លាដែស តាមប្រពៃណីតែងតែគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina។ ការគាំទ្រនេះបានធ្វើឱ្យប្រជាជនមួយចំនួនមានកំហឹង បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករប្រឆាំងកូតា និងកងកម្លាំងសន្តិសុខកាលពីខែមុន។
ក្រុមប្រឹក្សាសាមគ្គីភាពហិណ្ឌូ ពុទ្ធសាសនា និងគ្រិស្តសាសនា បង់ក្លាដែស ប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ៥២ ស្រុកក្នុងចំណោម ៦៤ ស្រុករបស់ប្រទេសនេះ ត្រូវបានរងផលប៉ះពាល់ដោយអំពើហិង្សា ចាប់តាំងពីថ្ងៃទី ៥ ខែសីហា មក។ ពួកគេបានស្នើសុំជំនួយពីលោក Muhammad Yunus សេដ្ឋវិទូ និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព ដែលបានចូលកាន់តំណែងជាប្រធានរដ្ឋបាលបណ្តោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍។
ការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ «បង្ក្រាប» អំពើហិង្សានៅបង់ក្លាដែស និងប្រឆាំងនឹង «ការវាយប្រហារដោយផ្អែកលើពូជសាសន៍» ឬ «ការញុះញង់ឱ្យមានអំពើហិង្សាដោយផ្អែកលើពូជសាសន៍»។
ជនជាតិហិណ្ឌូបង់ក្លាដែសរាប់ពាន់នាក់បានព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាជិតខាង ដើម្បីគេចពីអំពើហិង្សា។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានអំពាវនាវឱ្យមាន «សុវត្ថិភាព និងការការពារ» ដល់ជនជាតិហិណ្ឌូ និងជនជាតិភាគតិចដទៃទៀតនៅបង់ក្លាដែសផងដែរ៕