(បាម៉ាកូ)៖ ក្រសួងការបរទេសម៉ាលីបានប្រកាសនៅថ្ងៃសុក្រនេះថា បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅទីក្រុងបាម៉ាកូ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ ម៉ោង ដោយសារតែអ្វីដែលខ្លួនហៅថា សេចក្តីថ្លែងការណ៍ «អរិភាព» ដោយរដ្ឋមន្ត្រីស៊ុយអែតម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
លោក Johan Forssell រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មរបស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់ជំនួយដល់ប្រទេសម៉ាលី។
ទោះជាយ៉ាងណា ជុំវិញបញ្ហានេះក្រសួងការបរទេសស៊ុយអែតមិនទាន់មានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ។
គួរបញ្ជាក់ថា ម៉ាលី រួមជាមួយប្រទេសជិតខាង នីហ្សេ និងបួគីណាហ្វាសូ បានពង្រឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយរុស្ស៊ី ខណៈដែលទំនាក់ទំនងជាមួយបារាំង នីហ្សេរីយ៉ា និងសហរដ្ឋអាមេរិក កាន់តែចុះខ្សោយ៕