(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារក្រុងតូក្យូ និងតំបន់ជុំវិញនៅល្ងាចថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាលើកដំបូងមិនធ្លាប់មាន អំពីហានិភ័យនៃការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។
រដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាបន្ទាន់ អំពីការរញ្ជួយដីខ្លាំងសម្រាប់រាជធានី និងខេត្ត Kanagawa, Saitama, Yamanashi និង Shizuoka ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។
ការរញ្ជួយដីនេះបានធ្វើឱ្យអគារនៅក្រុងតូក្យូញ័រយ៉ាងខ្លាំង។ រថភ្លើងក្រោមដីតូក្យូ (Tokyo Metro) បានផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវខ្សែរថភ្លើងរបស់ខ្លួនយ៉ាងហោចណាស់មួយ ប៉ុន្តែសេវាកម្មនេះត្រូវបានដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា ការខូចខាតនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្នែកខាងលិចនៃខេត្ត Kanagawa នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ៕