(អូតាវ៉ា)៖ ប្រទេសកាណាដា និងអូស្រ្តាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមព្រៀងថានឹងបង្កើនកិច្ចសហប្រតិបត្តិការ លើផ្នែកឧស្សាហកម្មយោធា និងការពារជាតិ ហើយដែលផ្តោតលើសកម្មភាពរបស់ចិន ជុំវិញដែនទឹកមានវិវាទ នៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។
ការកត់សម្គាល់នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សា នៅឯទីក្រុង Vancouver រវាងរដ្ឋមន្រ្តីការពារជាតិកាណាដា លោក Bill Blair ជាមួយសមភាគីអូស្រ្តាលី លោក Richard Marles ដោយប្រទេសទាំងពីរសុទ្ធតែ បានលើកឡើងពីតម្រូវការរក្សាសណ្តាប់ធ្នាប់ ក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ លោក Blair និយាយថា សន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក បានប្រឈមមុខនឹងផលវិបាកមួយចំនួន ហើយទីក្រុងប៉េកាំង កំពុងព្យាយាមរៀបចំប្រព័ន្ធអន្តរជាតិឡើងវិញ ដើម្បីជំរុញផលប្រយោជន៍របស់ខ្លួន។
លោក Blair បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងឯកភាពគ្នាជំរុញកិច្ចសហការកាន់តែជិតស្និទ្ធ តាមរយៈការពង្រឹង អន្តរប្រតិបត្តិការ នៃកងកម្លាំងប្រដាប់អាវុធ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រតិបត្តិការរបស់យើង»។ ជាការឆ្លើយតប លោក Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី គូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការរបស់យើង គឺផ្អែកលើការការពារទប់ស្កាត់។ យើងគឺកំពុងធ្វើការជាមួយគ្នា ដូច្នេះយើងអាចបញ្ចៀសជម្លោះ»។ រដ្ឋមន្រ្តីការពារជាតិទាំងពីរ ក៏បានសម្តែងក្តីបារម្ភពី អ្វីដែលគេហៅថា ជាការទាមទារដែនសមុទ្រហួសហេតុរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ក៏ដូចជាសកម្មភាពយោធា របស់ចិន នៅជុំវិញកោះតៃវ៉ាន់ ផងដែរ។
គួរបញ្ជាក់ថា នៅសមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងសមភាគីរបស់ពួកគេមកពីកាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី បានរួមគ្នាធ្វើសមយុទ្ធដែនសមុទ្រ។ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី ក៏ទើបនឹងចាកចេញពី ទីក្រុងវ៉ាស៉ីនតោន ដែលមាននូវការព្រមព្រៀងគ្នាចាប់ផ្តើម ផលិតអាវុធកំណត់គោលដៅជាក់លាក់ជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៥៕