(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃសុក្រនេះថា បេសកជនពិសេសរបស់ប្រទេសចិន បានជួបមេដឹកនាំនៃរបបសឹកមីយ៉ាន់ម៉ា សម្រាប់កិច្ចពិភាក្សាស្តីពីសន្តិភាព ស្ថិរភាពនៅតាមព្រំដែនប្រទេសទាំងពីរ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមចលនាតស៊ូប្រដាប់អាវុធ ចាប់យកបានទីបញ្ជាការយោធាក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។
រដ្ឋ Shan ដែលស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្រោមការវាយប្រយុទ្ធគ្នាជាច្រើនលើក គិតចាប់តាំងពីចុងខែមិថុនាមក បន្ទាប់ពីក្រុមចលនាតស៊ូប្រដាប់អាវុធ បន្តការវាយលុកប្រឆាំងនឹងយោធា តាមបណ្តោយផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ តភ្ជាប់ទៅកាន់ប្រទេសចិន។ តាមសារព័ត៌មាន Global New Light of Myanmar មេដឹកនាំនៃរបបសឹកមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានពិភាក្សាពីដំណើរការសន្តិភាព នៅក្នុងប្រទេស វិធានការសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនជាមួយ លោក Deng Xijun ក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍។ លោក មីន អោងឡាំង បានពន្យល់ពីវត្ថុបំណង និងផែនទីបង្ហាញផ្លូវចំនួន ៥ចំណុច ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព។ AFP កំពុងទាក់ទងទៅស្ថានទូតចិន នៅទីក្រុង Yangon ដើម្បីសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ចិនជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់របបសឹក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ចិនក៏ចង់រក្សាទំនាក់ទំនងជាមួយ ក្រុមចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិច នៅមីយ៉ាន់ម៉ា ដែលគ្រប់គ្រងទឹកដីក្បែរព្រំដែនជាប់ ជាមួយចិន៕