
អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina នឹងវិលត្រឡប់ចូលស្រុកវិញ នៅពេលមានការបោះឆ្នោតសកលថ្មី, នេះបើតាមកូនប្រុសលោកស្រីផ្ទាល់ (Video inside)
09-08-2024 07:05
(ញូវដែលី)៖ កូនប្រុសលោកស្រី Sheikh Hasina នាថ្ងៃសុក្រនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះ នឹងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតសកលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។
លោកស្រី Hasina បានរត់ភៀសខ្លួនមកកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការធ្វើបាតុកម្មយ៉ាងហិង្សា អស់ជាច្រើនសប្តាហ៍ បានបង្ខំឱ្យលោកស្រី ចុះចេញពីអំណាច។ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បត៍ ជាមួយភារកិច្ចត្រូវរៀបចំឱ្យមានការបោះឆ្នោតសកលថ្មី។
ប្រាប់ទៅកាន់សារព័ត៌មានឥណ្ឌា Times of India កូនប្រុសលោកស្រី គឺលោក Sajeeb Wazed Joy ដែលរស់នៅសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ពេលនេះ គឺលោកស្រី Hasina ស្ថិតនៅប្រទេសឥណ្ឌា ប៉ុន្តែលោកស្រីនឹងវិលត្រឡប់ទៅបង់ក្លាដែសវិញ ពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតថ្មី។
គួរបញ្ជាក់ថា លោកស្រី Hasina បានកាន់អំណាចចាប់តាំងពីឆ្នាំ២០០៩មក ហើយទើបតែជាប់ឆ្នោតសម្រាប់អាណត្តិទី៥ កាលពីខែមករា ឆ្នាំនេះ ក្នុងការបោះឆ្នោត ដែលត្រូវបានធ្វើពហិកាដោយបក្សប្រឆាំង។ លោកស្រី កំពុងស្ថិតនៅកន្លែងសុវត្ថិភាពមួយ ក្នុងតំបន់រដ្ឋធានី New Delhi នៃប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា បានរាយការណ៍ថា លោកស្រីមានបំណង ចង់ស្នើសុំសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស៕