(ដាក្កា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីធ្វើជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសបង់ក្លាដែស បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងរត់ចេញពីប្រទេស ក្រោយមានបាតុកម្មហិង្សាដ៏កក្រើក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។
បន្ទាប់មក ក្រុមបាតុករក៏បានទាមទារឱ្យលោក Yunus ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ហើយរូបលោកបានវិលត្រឡប់មកដល់រដ្ឋធានី Dhaka កាលពីព្រហស្បតិ៍ ក្រោយលោកបានទៅទីក្រុងប៉ារីសនៃប្រទេសបារាំង ដើម្បីទទួលការព្យាបាលសុខភាព។ តួនាទីផ្លូវការរបស់លោក គឺជាប្រធានទីប្រឹក្សានៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមានភារកិច្ចត្រៀមរៀបចំការបោះឆ្នោតសកលថ្មី នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ ដែលមានប្រជាជនសរុបប្រមាណ ១៧០លាននាក់។
គួរបញ្ជាក់ថា ចលនាបាតុកម្មដឹកនាំដោយក្រុមនិស្សិត ដែលបានបង្ខំឱ្យលោកស្រី Hasina ចុះចេញពីអំណាច គឺរីករាលដាលចេញពី សកម្មភាពតវ៉ាប្រឆាំងប្រព័ន្ធកូតាការងារដ្ឋ ដែលបានផ្ទុះឡើងដំបូង កាលពីខែកក្កដា ហើយរដ្ឋាភិបាលបានធ្វើការបង្រ្កាបយ៉ាងចាស់ដៃ។ ចលនាបាតុកម្មនោះ ក៏ត្រូវបានជំរុញដោយសារតែ ស្ថានភាពយ៉ាប់យ៉ឺននៃសេដ្ឋកិច្ច និងការគាបសង្កត់ផ្នែកនយោបាយ នៅក្នុងប្រទេសបង់ក្លាដែស ផងដែរ៕