(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (United Airlines) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំពីការផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv របស់អ៉ីស្រាអែល មួយរយៈពេល ហើយថានឹងដំណើរការឡើងវិញ នៅពេលមានសុវត្ថិភាពសម្រាប់អតិថិជន និងក្រុមពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន នៅទីក្រុង Chicago មួយនេះ ក៏បានផ្អាកសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ចេញពីទីក្រុង Newark នៃរដ្ឋ New Jersey ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមកដែរ ដោយលើកឡើងពីហេតុផលសុវត្ថិភាព។ ទោះយ៉ាងណា ជើងហោះហើរនេះ អាចធ្វើការកក់ទុកបានចាប់ពីថ្ងៃទី១ ខែកញ្ញា។ តាមការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ United Airlines កំពុងដកជើងហោះហើរសម្រាប់ទីក្រុង Tel Aviv ចេញពីកាលវិភាគរបស់ខ្លួន។ អតិថិជនដែលបានកក់រួច អាចស្នើដកប្រាក់ត្រលប់ទៅវិញ ឬបង្វែរការកក់ជើងហោះហើរទៅកាន់ទីក្រុងណាមួយ នៅតំបន់អឺរ៉ុប ឬមជ្ឈិមបូព៌ាវិញ។ ជាមួយគ្នានេះ Delta Air Lines ដែលជាក្រុមហ៊ុនគូប្រជែងរបស់ United Airlines ក៏បានផ្អាកជើងហោះហើរពីទីក្រុង New York ទៅទីក្រុង Tel Aviv រហូតដល់ថ្ងៃទី៣១ ខែសីហា ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក កំពុងកែសម្រួលកាលវិភាគរបស់ពួកគេ ដើម្បីចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ ខណៈផ្អាកជើងហោះហើរទៅអ៉ីស្រាអែល និងលីបង់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងពីការាលដាលនៃជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah៕