(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ិកស៉ិក បានបដិសេធសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន ឱ្យចាប់ខ្លួន លោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះ ប្រឆាំងនឹងដីការតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយមកចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។
អ៊ុយក្រែន បានស្នើឱ្យម៉ិកស៉ិកចាប់ខ្លួន លោក ពូទីន ប្រសិនបើលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត លោកស្រី Claudia Sheinbaum នៅថ្ងៃទី១ ខែតុលា។ តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ិកស៉ិកប្រចាំនៅអ៊ុយក្រែន ចុះថ្ងៃទី៧ ខែសីហា សំណើនេះចង្អុលបង្ហាញទៅដីកាចាប់ខ្លួន ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ យ៉ាងនេះក្តី ប្រធានាធិបតីចាំផ្ទះ លោក Andres Manuel Lopez Obrador បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា «យើងមិនអាចធ្វើដូច្នោះបានទេ។ វាមិនមែនអាស្រ័យលើយើងទេ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីការចាប់ខ្លួន លោក ពូទីន ដោយចោប្រកាន់រូបលោកពីការបញ្ជូនកុមារចេញពីអ៊ុយក្រែនដោយខុសច្បាប់ ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង។ រុស្ស៉ី មិនមែនជាសមាជិក ICC តែម៉ិកស៉ិកគឺជាសមាជិក ហើយមិនទាន់មានការបញ្ជាក់ទេថាតើលោក ពូទីន នឹងមកចូលរួមក្នុងពិធីនេះដោយខ្លួនឯង ឬបញ្ជូនមន្រ្តីជាន់ខ្ពស់ណាម្នាក់ឱ្យតំណាងរូបលោក៕