(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំង F-22 ដ៏ទំនើបរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ ចំពោះមុខការគំរាមសងសឹករបស់អ៉ីរ៉ង់ប្រឆាំងនឹងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា Centcom បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមថាការដាក់ពង្រាយយន្ដហោះចម្បាំង F-22 គឺជាផ្នែកមួយនៃ កិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការបង្កើនជម្លោះណាមួយពីសំណាក់អ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់។ ប៉ុន្តែ Centcom មិនបានឱ្យដឹងថាតើមាន យន្ដហោះចម្បាំង F-22 ប៉ុន្មានគ្រឿងត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា ឬក៏ថាតើយន្ដហោះចម្បាំងទាំងនេះត្រូវឈរជើងនៅទីតាំងណានោះទេ?
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មន្ទីរបញ្ចកោណបាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបញ្ជាឱ្យបង្កើនចំនួននាវាចម្បាំង និងយន្ដហោះចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា។ បទបញ្ជានេះដែរ កើតមានឡើងចំពេលកងទ័ពអាមេរិក៧នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
ជាងនេះទៅទៀត អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានព្រមានសងសឹកអ៉ីស្រាអែលផងដែរ ជុំវិញការវាយប្រហារសម្លាប់មេដឹកនាំរបស់ហាម៉ាស និងក្រុមហេសបូឡា ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ស្របពេលមានការព្រួយបារម្ភថាការសងសឹកនេះអាចនឹងបង្កហានិភ័យខ្ពស់នៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ៕