(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅបន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ នៅតែបន្តបន្សល់ទុកការសង្ស័យជាមួយការចោទសួរថាតើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វានឹងមានការផ្ទេរអំណាចដោយសន្តិវិធី...ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងមានការបោះឆ្នោតដោយយុត្តិធម៌»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានភាពជឿជាក់ ទាល់តែសោះថា ការផ្ទេរអំណាចឱ្យទៅលោកស្រី Kamala Harris នឹងអាចប្រព្រឹត្តទៅដោយគ្មានភាពចម្រូងចម្រាស ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ។
លោក បៃដិន ធ្លាប់បានលើកឡើងជារឿយៗអំពីការណ៍ដែលក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ពោលគឺប្រមាណ២សប្តាហ៍ មុនការស្បថចូលកាន់តំណែងរបស់លោក បៃដិន បន្ទាប់ពីលោក បៃដិន បានផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ នាពេលនោះ លោក ត្រាំ បានអះអាងថា ការបោះឆ្នោតមិនមានភាពយុត្តិធម៌ឡើយ៕